(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានសង្កត់ធ្ងន់ៗថា គ្រប់ប្រធានមន្ទីរអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រង លើដែនដីសមត្ថកិច្ចរបស់ខ្លួន និងគ្រប់គ្រងធនធានធម្មជាតិ ដូចជាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការគ្រប់គ្រងលើធនធានជលផលជាដើម។
ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែ គណ:បញ្ជាឯកភាពខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ លោក សុខ លូ បានបន្តថា ប្រធានអង្គភាពទាំងអស់ ត្រូវចុះឲ្យដល់មូលដ្ឋាន ដើម្បីដឹងសុខទុក្ខ របស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងនូវការងារ និងបង្កើននូវធនធានមនុស្សឲ្យមានប្រសិទ្ធភាព ក្នុងការជួយដោះស្រាយបញ្ហា និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែមានភាពរហ័ស ទាន់ពេលវេលា និងមានតម្លាភាព លើសពីនេះក្រុមការងារ ត្រូវចុះជួបជាមួយប្រជាពលរដ្ឋបានញឹកញាប់ ដើម្បីជួយដោះស្រាយ និងប្រឹក្សារាល់បញ្ហា ដែលប្រជាពលរដ្ឋជួបប្រទះ។
ម៉្យាងវិញទៀត ត្រូវចូលរួមលុបបំបាត់ទាំងស្រុងនូវការបង្កើតបនល្បែងស៉ីសង និងបញ្ហាគ្រឿងញៀន និងចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដើម្បីរក្សាឲ្យបាននូវភាពសុខសាន្ត ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
ចុងក្រោយ លោកសូមអំពាវនាវឲ្យមន្ត្រីជំនាញ និងប្រជាពលរដ្ឋទាំងអស់ ជួយលើកស្ទួយ និងគោរពច្បាប់ ព្រមទាំងអនុវត្តច្បាប់ទាំងអស់គ្នា ដើម្បីទទួលបាននូវភាពរីកចម្រើន និងមានការអភិវឌ្ឍន៍កម្រិត ជីវភាពក្នុងមូលដ្ឋាន ពិតប្រាកដ៕