(កំពង់ស្ពឺ)៖ ក្នុងការបន្តចូលរួមជំរុញវប្បធម៌អានរបស់សិស្សានុសិស្ស និងលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា អគារបណ្ណាល័យដ៏ថ្មីសន្លាងពណ៌បៃតងមួយខ្នង ដែលបានសាងសង់ និងបំពាក់បរិក្ខារបណ្ណាល័យ ដោយប្រើមូលនិធិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ស្ថិតក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ចំការដូង ក្នុងភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។

កម្មវិធីនេះបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី និងមានការចូលរួម ពីតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ សំ រិទ្ធី, លោក លី សុន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភាជាតិ, លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ, លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, លោក ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ, លោក ងួន វាសនា អភិបាលនៃគណៈអភិបាលស្រុកឧដុង្គ និងលោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់។

ពិធីសម្ពោធសមិទ្ធផលថ្មីនេះ ក៏មានការចូលរួមផងដែរ ពីតំណាងមន្ទីរនានា នៅខេត្តកំពង់ស្ពឺ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាជនជាច្រើនរយនាក់។

ក្នុងឱកាសនោះ លោក ស៊ីម សេនាជាតិ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានថ្លែងថា ប្រាសាក់ ជាគ្រឹះស្ថានឯកជន បានផ្ដួចផ្ដើមកសាងអគារបណ្ណាល័យ ជូនដល់សិស្សនុសិស្ស នៅតាមសាលារៀនជាច្រើននៅទូទាំងប្រទេស។

ទន្ទឹមនឹងការរីកចម្រើនរបស់ប្រាសាក់ ក៏ដូចជាការថ្លែងអំណរគុណចំពោះអតិថិជន ដែលបានគាំទ្រ និងប្រើប្រាស់ផលិតផល និងសេវារបស់ប្រាសាក់នាពេលកន្លងមក ប្រាសាក់បានចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការងារសង្គម និងបង្កើតកម្មវិធីជាច្រើន ដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គម ដូចជា កម្មវិធីជំនួយសង្គ្រោះបន្ទាន់ ដើម្បីគាំពារអតិថិជនរបស់ខ្លួន ដែលជួបប្រទះ និងទទួលរងផលប៉ះពាល់ ពីគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ កម្មវិធីមនុស្សធម៌ និងការឧបត្ថម្ភសកម្មភាពសង្គមនានា ជាពិសេស ការចូលរួមចំណែកបណ្ដុះវប្បធម៌អាន តាមរយៈ «គម្រោងបណ្ណាល័យ»

លោកបន្តថា សម្រាប់អគារបណ្ណាល័យនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ចំការដូងនេះ ជាអគារបណ្ណាល័យទី២៧ ដែលបានដាក់សម្ពោធឱ្យដំណើរការជាផ្លូវការ ក្នុងចំណោមបណ្ណាល័យទាំងអស់៣១ខ្នង។ អគារបណ្ណាល័យនេះ ជានិមិត្តរូបមិនចេះរីងស្ងួត និងមិនចេះសាបសូន្យនៃទំនាក់ទំនង និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក រវាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ និងអតិថិជន ក៏ដូចជាប្រជាជនក្នុងសហគមន៍ទាំងមូល ហើយបណ្ណាល័យនេះ ក៏ជាកេរមរតករបស់ប្រាសាក់ សម្រាប់ទុកជូនសិស្សានុសិស្ស ដែលជាកូនចៅរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ទាំងបច្ចុប្បន្ន និងអនាគត។

លោកបញ្ជាក់ថា ប្រាសាក់មិនត្រឹមតែផ្ដល់តួអគារបណ្ណាល័យប៉ុណ្ណោះទេ គឺថែមទាំងឧបត្ថម្ភការបំពាក់ធនធានសម្ភារ ឯកសារ និងការបណ្ដុះបណ្ដាលបណ្ណារក្សថែមទៀតផង ដើម្បីឱ្យបណ្ណាល័យនេះ ដំណើរការបានដោយរលូន ក្រោមកិច្ចសហការលើគម្រោងពីនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នៃក្រសួងអប់រំ យុវជននិងកីឡា។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួង និងមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី បានជួយជ្រោមជ្រែងឱ្យគម្រោងនេះលេចជារូបរាងឡើង។

លោក ថន ណារិន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រាសាក់ ដែលបានកសាងអគារបណ្ណាល័យជាច្រើន ដល់ទឹកដីខេត្តកំពង់ស្ពឺ ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំនៅក្នុងខេត្ត ក៏ដូចជាលើកស្ទួយធនធានមនុស្សនៅកម្ពុជាផងដែរ។ នេះជាការរួមចំណែកដ៏ធំធេងដល់វិស័យអប់រំ និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិការ ដែលមិនអាចកាត់ថ្លៃនេះបាន។ លោក ក៏បានសំណូមពរឱ្យសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ និងស្រាវជ្រាវ ដោយយកបណ្ណាល័យនេះជាមិត្ត និងជួយថែរក្សាអគារបណ្ណាល័យនេះ ឱ្យបានល្អ ដើម្បីអាចប្រើប្រាស់បានរាប់ជំនាន់ទៅមុខ។

អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានថ្លែងផងដែរថា ដោយសារម្លប់សុខសន្តិភាពនិងសុវត្ថិភាពសង្គម ប្អូនៗជាសិស្សានុសិស្ស ពិតជាមានសំណាងណាស់ ដែលបានទទួលការសិក្សាអប់រំបានត្រឹមត្រូវ ដោយមានសាលារៀន មានបណ្ណាល័យ និងមានសៀវភៅច្រើនសម្បូរបែប សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ក្រេបយកចំណេះដឹង។ ហេតុនេះ ប្អូនៗត្រូវខិតខំរៀនសូត្រអភិវឌ្ឍខ្លួនឱ្យបានល្អប្រសើរ តាមរយៈបណ្ណាល័យនេះដើម្បីសមជាទំពាំងស្នងឫស្សី។

ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ដែលប្រតិបត្តិការអាជីវកម្មរបស់ខ្លួន មានការវិវឌ្ឍជាច្រើនដំណាក់កាល គួរឱ្យកត់សម្គាល់ និងរួមចំណែកក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ តាមរយៈការផ្ដល់កម្ចី ផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាជនខ្មែរ ដែលជាចំណែកក្នុងការកសាងខឿនសេដ្ឋកិច្ចកម្ពុជា។ ទោះបីជាគ្រឹះស្ថានឯកជនក្ដី ក្រៅពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ប្រាសាក់ក៏បានខិតខំប្រឹងប្រែងក្នុងកិច្ចការសង្គម និងការងារមនុស្សធម៌ ដែលជាពិសេសគឺការផ្ដោតជាអាទិភាព លើវិស័យអប់រំ។

លោកសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ការជួយកសាងបណ្ណាល័យរបស់ប្រាសាក់ នៅតាមបណ្ដាខេត្តនានា គឺជាការចូលរួមដ៏សំខាន់ដោយផ្ទាល់ ក្នុងការលើកកម្ពស់វិស័យអប់រំ ជាពិសេសចូលរួមចំណែក បណ្ដុះបណ្ដាលធនធានមនុស្ស ប្រកបដោយសក្ដានុពលសម្រាប់ចូលរួមអភិវឌ្ឍជាតិ។ ជាងនេះទៅទៀត លោកចង់ឃើញប្អូនៗ ដែលជាអនាគតនៃប្រទេសជាតិ មានជោគជ័យក្នុងជីវិត មានសមត្ថភាពគ្រប់គ្រាន់ មានភាពចាស់ទុំ ហើយឈានទៅទទួលខុសត្រូវជោគវាសនារបស់ប្រទេសជាតិ ។ ហេតុនេះ ប្អូនៗត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតកម្ពុជា ត្បិតគ្មានអ្វីសំខាន់ជាងចំណេះដឹងនោះទេ ដោយត្រូវប្រឹងប្រែងសិក្សាបន្ត ត្រូវអានសៀវភៅ ព្រោះសៀវភៅជាប្រភពនៃគំនិត និងចំណេះ សមដូចពាក្យស្លោកថា «រៀនហើយរៀនទៀត រៀនពេញមួយជីវិត»។

លើសពីនោះ លោកក៏បានណែនាំ ឱ្យសិស្សានុសិស្ស ត្រូវកសាងខ្លួនឱ្យមានគុណភាព សីលធម៌ គុណធម៌ មេត្តាធម៌ មានភាពជឿជាក់ ចេះជួយគ្នាទៅវិញទៅមក កុំសេពគប់ជាមួយបាបមិត្ត ឬមនុស្សអវិជ្ជមាន ដែលរំខានដល់ការកសាងសមត្ថភាពរបស់ខ្លួន។ ហើយនៅពេលប្អូនៗទទួលបានជោគជ័យ សូមជួយចែករំលែកភាពជោគជ័យរបស់ខ្លួន មកសង្គមជាតិវិញ ដូចដែលប្រាសាក់បានធ្វើនាពេលនេះ។

ជាចុងបញ្ចប់ លោកក៏បានថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូ ដែលបានខិតខំបណ្ដុះបណ្ដាលសិស្សានុសិស្ស ឱ្យមានចំណេះគ្រប់ៗគ្នា ដើម្បីជាសរសរទ្រូងប្រទេសជាតិ និងជាអ្នកដឹកនាំពេលអនាគត ៕