(ស្ទឹងត្រែង)៖ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំអង្គសិក្ខាសាលាស្តីពី ការត្រួតពិនិត្យគ្រឿងញៀនទិសឥសាន្ត និងការអនុវត្តផែនការភូមិ ឃុំ សង្កាត់ «ស» គ្មានគ្រឿងញៀន។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ជាអនុប្រធាន សមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តជាប់ព្រំដែនស្រុក ឃុំ សង្កាត់ ភូមិអនុវត្តផែនការភូមិ-ឃុំ/សង្កាត់ «ស» គ្មានគ្រឿងញៀន និងតំណាងភាគីមិត្ត ថៃ វៀតណាម ឡាវ ចូលរួម សរុបចំនួន២៥០នាក់។
លោក ម៉ុម សារឿន អភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង បានថ្លែងថា សិក្ខាសាលានេះពិតជាផ្តល់នូវសារសំខាន់ ដោយបានបង្ហាញនូវលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ជាពិសេស គឺការអនុវត្តផែនការភូមិ-ឃុំ/សង្កាត់ «ស» គ្មានគ្រឿងញៀន ដើម្បីបន្តពង្រឹងឲ្យកាន់តែរឹងមាំ និងសកម្មបន្ថែមទៀត ក្នុងការអនុវត្តវិធានការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន សម្រាប់ខេត្តនៅទិសឦសាន នៃព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានលើកឡើងថា ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលពួកឧក្រិដ្ឋជនគ្រឿងញៀន នាំឆ្លងកាត់ញឹកញ៉ាប់ចូលមកកម្ពុជា នូវប្រភេទគ្រឿងញៀនមេតំហ្វេតាមីន (Ice-Wy) កេតាមីន ហេរ៉ូអ៊ីន និងកញ្ឆាក្រៀម ដែលកម្ពុជាបានបើកកិច្ចប្រតិបត្តិបង្រ្កាបបានជាច្រើនករណី។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរអរគុណចំពោះ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ នៃបណ្តាខេត្តភាគឦសាន ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការ ទប់ស្កាត់លំហូរចូលគ្រឿងញៀនខុសច្បាប់ ពីតំបន់ព្រំដែនចូលក្នុងប្រទេស ដែលសកម្មភាពទាំងនេះ បានជួយដោះស្រាយបញ្ហាជាច្រើន គួរឱ្យកត់សំគាល់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងបន្តថា «ប្រទេសកម្ពុជាយើងមិនមែនជាប្រទេសផលិតគ្រឿងញៀនទេ តែជាប្រទេសមានការចរាចរគ្រឿងញៀនឆ្លងកាត់ពីប្រទេសនានាក្នុងតំបន់ ចូលមកក្នុងប្រទេសកម្ពុជា និងបន្តនាំចេញទៅប្រទេសទី៣»។
តាមរបាយការណ៍របស់អាជ្ញាធរមានសមត្ថកិច្ច យើងពិនិត្យឃើញថា ខេត្តភាគឦសាន ជាពិសេស គឺខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ជាខេត្តដែលមានការចរាចរឆ្លងកាត គ្រឿងញៀន ពីតំបន់ព្រំដែនកម្ពុជា-ឡាវ ចូលក្នុងប្រទេស និងមួយចំនួន បន្តនាំទៅដល់ប្រទេសថៃ និងប្រទេសវៀតណាមនៅសល់មួយចំនួនប្រើប្រាស់ក្នុងប្រទេស តាមគោលដៅដែលប្រឈមមួយចំនួន ដូចជា តំបន់ទេសចរណ៍ ក្នុងក្លឹបកំសាន្តនានា ផ្ទះសំណាក់ និងសំណង់មិនរៀបរយ ។ល។ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់យុវជនយើង និងខាតបង់នូវធនធានមនុស្សសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ៕