(រតនគិរី)៖ លោក មួង ប៉ាង អភិបាលរងខេត្តរតនគិរី បានថ្លែងថា កាអភិវឌ្ឍធនធានមនុស្ស គឺសំដៅលើការកសាងសមត្ថភាពតាមបែបវិទ្យាសាស្រ្ត ប្រកបដោយគុណភាព ឲ្យស្របទៅនឹងបរិបថ នៃសតវត្សទី២១នេះ ដែលទាមទារឲ្យប្រជាពលរដ្ឋគ្រប់ៗ រូបមានចំណេះដឹងខ្ពស់ មានសមត្ថភាពជំនាញវិជ្ជាជីវៈច្បាស់លាស់ មានសុខភាពមាំមួន មានសីលធម៌រស់នៅល្អ មានមនសិការក្នុងការងារ មានគំនិតច្នៃប្រឌិតមានទំនាក់ទំនងល្អក្នុងសង្គម។

លោក មួង ប៉ាង បានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំយុវជន និងកីឡា សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា ២០១៨-២០១៩ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំសាលាខេត្តរតនគិរី។

បើតាមរបាយការណ៏របស់លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា ទូទាំងខេត្តរតនគិរី មានសាលារៀចំណេះដឹងទូទៅទាំងរដ្ឋ និងឯកជនចំនួន ៤២៨កន្លែង ក្នុងនោះមានសាលាមតេ្តយ្យចំនួន ១៧៥ន្លែង សាលាបឋមសិក្សា ២២៥សាលា អនុវិទ្យាល័យ ១៩សាលា និងវិទ្យាល័យចំនួន៩ ។ សរុបសិស្សនៅគ្រប់ភូមិសិក្សា ចាប់ពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ទូទាំងខេត្តមានចំនួន ៥៧,៦១១នាក់ ក្នុងនោះស្រី ៤៨ភាគរយ។

លោក មួង ប៉ាង បានថ្លែងថា «សង្គមជាតិអាចរីកចម្រើនអភិវឌ្ឍន៍បាន ត្រូវពឹងផ្អែកលើការអភិវឌ្ឍធនធានមនុស្ស ដែលត្រូវធានាពង្រីកឱកាសដល់គ្រប់អ្នកដែលពាក់ព័ន្ធ ដូច្នេះមន្ត្រីអប់រំ ត្រូវពង្រឹងគុណភាពអប់រំជាចំបង ប្រកបដោយមនសិការវិជ្ជាជីវៈ មានគំនិតច្នៃប្រឌិត ការគោរពវិន័យ និងសេចក្ដីថ្លៃថ្នូរ ដោយមានការទទួលខុសត្រូវខ្ពស់សមដូចពាក្យស្លោកថា «ការអប់រំល្អ ទើបមានធនធានមនុស្សល្អ មានធនធានមនុស្សល្អ ទើបអាចអភិវឌ្ឍន៍ប្រទេសជាតិបាន»

លោកអភិបាលរងខេត្ត បានស្នើដល់គណៈគ្រប់គ្រងសាលារៀនទាំងអស់ ត្រូវផ្តោតសំខាន់លើការពង្រឹងគុណភាពអប់រំជាចំបង ព្រោះវាជាកូនសោរគន្លឹះមួយ ក្នុងការបណ្តុះបណ្តាល មនុស្សជំនាន់ក្រោយ និងជំនាន់ថ្មីនេះ ក្លាយជាពលរដ្ឋល្អ សិស្សល្អ មិត្តល្អ មានចំណេះដឹងប្រកបដោយគុណភាពខ្ពស់ សំរាប់បន្តវេនដឹកនាំប្រទេសជាតិ ឱ្យមានការរីកចំរើន។

លោកបានបន្ថែមថា មន្ត្រីគ្រប់លំដាប់ថ្នាក់នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់គុណភាពអប់រំ តាមរយៈការខិតខំប្រឹងប្រែង បង្ហាត់បង្រៀន ស្រាវជ្រាវ ការផ្តល់កិច្ចសហការជិតស្និទ្ធិ ជាមួយមាតាបិតា អាណាព្យាបាលសិស្ស និងការចូលរួមយ៉ាងសកម្មក្នុងវិស័យអប់រំទូទាំងខេត្តរតនគិរី ឲ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផលកាន់តែខ្ពស់បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្ម និងតម្រូវការរៀនសូត្រ លើគ្រប់ផ្នែកនៅទូទាំងខេត្តរតនគិរី។

លោកបានបញ្ជាក់ថា ដើម្បីលើកកម្ពស់សមត្ថភាពគ្រូបង្រៀន ដែលជាអ្នកផ្តល់ការអប់រំដល់យុវជន ជំនាន់ក្រោយឲ្យកាន់តែមានចំណេះដឹង និងសីលធម៌ខ្ពស់ស្របតាមចតុស្តម្ភទាំង៤ នៃការអប់រំគឺ «រៀនឲ្យមានចំណេះដឹង រៀនឲ្យមានចំណេះធ្វើ និងរៀនដើម្បីឲ្យក្លាយជាពលរដ្ឋល្អ រៀនដើម្បីចេះរស់នៅជាមួយគ្នា» ព្រមទាំងបណ្តុះបណ្តាលមន្ត្រីគ្រប់កម្រិត ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អនៅក្នុងវិស័អប់រំ ព្រោះការអបរំប្រកបដោយគុណភាពខ្ពស់ គឺជាកូនសោរដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងបង្កើនភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ៕