(បាត់ដំបង)៖ កម្លាំងនគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានចាប់បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ របស់បុរសម្នាក់ ជាម្ចាស់ផ្ទះសំណាក់ យីហោសោរយឹម កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ចំនុចក្រុមទី១៧ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ចំនុចក្រុមទី១៧ ភូមិពោធិ៍១ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង មានករណីដាក់ថ្នាំសណ្ដំលួចយកទ្រព្យសម្បត្តិ បង្កដោយជនសង្ស័យស្រី២នាក់ បានធ្វើសកម្មភាពបបួលជនរងគ្រោះឈ្មោះ សោរ យឹម ភេទប្រុស អាយុ៦៣ឆ្នាំ (ម្ចាស់ផ្ទះសំណាក់ យីហោសោរយឹម) ផឹកស្រាបៀរ ABC ជជែកគ្នាលេងលុះផឹកបានតែបន្តិចក៏សន្លប់បាត់ស្មារតី រួចក៏នាំគ្នាលួចយកទ្រព្យសម្បត្តិ មួយចំនួនមានដូចជា លុយខ្មែរ៦០ម៉ឺនរៀល ខ្សែរកផ្លាកទីន១ខ្សែរ ទម្ងន់២តំឡឹង បន្តោងមាស់ទម្ងន់៥ជី ទូរសព្ទ័អាយហ្វូនX ១គ្រឿង នាឡិការដៃ២គ្រឿង រួចក៏បាននាំគ្នាគេចខ្លួនបាត់ ។
សមត្ថកិច្ចដដែលបានបន្តថា លុះដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ កម្លាំងនគរបាលខេត្តបាត់ដំបង បានសហការនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ ទី១៖ ឈ្មោះ ជា ចិន្តា ភេទ ស្រី អាយុ៥៤ឆ្នាំ ទី២៖ ឈ្មោះ ឡុង ស្រីយ៉ា ភេទស្រី អាយុ១៦ឆ្នាំ ទាំងពីររស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងជនពាក់ព័ន្ធម្នាក់ទៀត ឈ្មោះ ឆេង សីហា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិតាសិត ឃុំពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។ នៅពេលឃាត់ខ្លួនសមត្ថកិច្ច បានដកហូតវត្ថុតាងបានទូរស័ព្ទដៃ១គ្រឿង នាឡិកាដៃ២គ្រឿង និងកំពុងស្រាវជ្រាវរកវត្ថុតាងបន្តទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីរួចហើយ៕