(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ ក្រោមដឹកនាំដោយលោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាទៅលោកអធិការរងទទួលបន្ទុកតាមជំនាញនិមួយៗ និងនាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំង៧ ឲ្យយកចិត្តទុកដាក់តាមដានរាល់សកម្មភាពទាំងឡាយ ក្នុងការធានារក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ រប្រៀបរៀបរយ និងសុវត្ថិភាពសង្គមបានល្អប្រសើរជូនប្រជាពលរដ្ឋ ដើម្បីចូលរួមអបអរសារទរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម ចាប់ពីពេលនេះតទៅ រហូតដល់ថ្ងៃបញ្ចប់នៃកម្មវិធីបុណ្យ។

ការដាក់បទបញ្ជាយ៉ាងដូច្នេះ របស់អធិការនគរបាលខណ្ឌឬស្សីកែវ លោក គល់ យី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ តាមរយៈប្រព័ន្ធអេឡិចត្រូនិច «ID-អៃកូម» ស្ដីពី «កិច្ចការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម»។

លោក គល់ យី បានបញ្ជាក់តាមប្រព័ន្ធ «ID-អៃកូម» ថា សូមឲ្យលោកអធិការរងតាមផែន និងនាយនគរបាលប៉ុស្ដិ៍ ចាំបាច់ណាស់ត្រូវយកចិត្តទុកដាក់ប្រមូលព័ត៌មាន ពាក់ព័ន្ធសភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ពិសេសក្ដាប់ឲ្យបាននូវសកម្មភាពបង្ក ឬការញុះញង់នានាធ្វើឲ្យមានចលាចល ដូចជា នៅតាមទីអារ៉ាម ព្រះវិហារចិន វៀតណាម កូរ៉េ ក៏ដូចជាទីសក្ការៈ និងរមណីយដ្ឋាន មួយចំនួន ដែលមានការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម ដែលអាចបង្កឡើងដោយក្មេងទំនើង ក្នុងការបង្ការទប់ស្ដាត់ មិនឲ្យមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ។

លោក គល់ យី បានបញ្ជាក់ទៀតថា ក្នុងនាមសមត្ថកិច្ចត្រូវបង្ហាញវត្តមាននៅតាមគោលដៅសំខាន់ៗ ដើម្បីយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ បង្ការភាពកកស្ទះ និងបង្កលក្ខណៈ ឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅកំសាន្ដ តាមតំបន់រមណីយដ្ឋាននានា ប្រព្រឹត្ដទៅដោយក្ដីសប្បាយរីករាយ និងសុវត្ថិភាព ជាពិសេស ត្រូវមានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដែលផ្ដើមចេញពីការ ប្រើប្រាស់ទៀនធូបនៅពេលសែនព្រេន បង្កជាឆ្លងចរន្តអគ្គិសនី និងដុតផាវ កាំជ្រួច ឬបង្កសំឡេងផ្ទុះផ្សេងៗ ជាយថាហេតុ ក្នុងការផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័ស ងាយស្រួលជួយអន្តរាគមន៍ដោះស្រាយសភាពការណ៍ទាន់ពេលវេលា និងមានប្រសិទ្ធភាព នាឱកាសចូលឆ្នាំចិន វៀតណាម និងកូរ៉េនេះ៕