(ភ្នំពេញ)៖ ដើម្បីចូលរួមចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» សំដៅជំរុញ និងពង្រឹងការរៀបចំ និងគុណភាពសេវាកម្មបង្គន់សាធារណៈកម្ពុជា នៅទូទាំងប្រទេសកម្ពុជា ប្រកបដោយបរិស្ថានស្អាត អនាម័យ ផាសុកភាព និងជាទីពេញចិត្តរបស់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញនូវចលនាប្រឡងប្រណាំង «បង្គន់សាធារណៈកម្ពុជា» លើកទី១។
ចលនាប្រឡងប្រណាំង «បង្គន់សាធារណៈកម្ពុជា» លើកទី១ តម្រូវឱ្យ គ្រប់បេក្ខភាពបង្គន់សាធារណៈ ដែលគ្រប់គ្រងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ (បង្គន់នៅតាមទីកន្លែងសាធារណៈ សួនច្បារ ដងផ្លូវ ផ្សាររដ្ឋ ចំណតរថយន្ដសាធារណៈ...) និងបង្គន់សាធារណៈ ដែលគ្រប់គ្រងដោយឯកជន (បង្គន់នៅតាមផ្សារទំនើប ចំណតរថយន្ដឯកជន ស្ថានីយ៍ប្រេងឥន្ទនៈ និងមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ដែលប្រើប្រាស់ដោយសាធារណជន ឬ ភ្ញៀវទេសចរ) ចូលរួមឲ្យបានសកម្ម។
ដើម្បីត្រៀមលក្ខណៈសម្បត្តិទទួលជ័លលាភីចលនាប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជា លើកទី១ ដែលនឹងព្រឹត្តទៅនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ ក្រោមអធិបតីភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គណៈកម្មាធិការជាតិតម្លៃទីក្រុងស្អាត បានស្នេីក្រុមការងារវាយតម្លៃទីក្រុងស្អាតរាជធានី-ខេត្ត លោក លោកស្រី អភិបាលក្រុង/ខណ្ឌ អាចជ្រើសរើសបង្គន់សាធារណៈណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចូលរួមក្នុងចលនាប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជា លើកទី១ ព្រមទាំងភ្ជាប់មកជាមួយនូវ៖
១៖ ពាក្យស្នើសុំចូលរួមប្រឡងប្រណាំង Online។ អ្នកគ្រប់គ្រងបង្គន់សាធារណៈទាំងអស់ អាចចូលរួមចលនាប្រឡងប្រណាំងបង្គន់សាធារណៈកម្ពុជា លើកទី១ ដោយគ្រាន់តែចុះឈ្មោះតាមរយៈ៖ តំណភ្ជាប់ (Link)៖ http://pt.cambodiacleanup.com/owner/create
២៖ រួចបំពេញតារាងត្រួតពិនិត្យលើការវាយតម្លៃបង្គន់សាធារណៈកម្ពុជា
៣៖ ភ្ជាប់ឯកសារ និងរូបភាពពាក់ព័ន្ធរបស់បេក្ខភាពបង្គន់សាធារណៈ លេី ប្រពន្ធអនឡាញតែម្តង (នីតិវិធីដូភ្ជាប់ខាងក្រោម)៕