(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា លោកទើបតែចុះហត្ថលេខាដក ប្រធានស្ថានីយ៍ថ្លឹងរថយន្ត៣កន្លែង ដោយសារតែរកឃើញថា ពួកគេបានធ្វើការដោយល្មើសច្បាប់។
លោកបានបន្តថា នេះត្រឹមតែជាដំណាក់កាលទី១តែប៉ុណ្ណោះ ហើយនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត ខណ:ដែលកន្លែងជញ្ជីងខ្លះ រថយន្តមិនបានចូលថ្លឹងផងឱ្យទៅបាត់ ឱ្យទៅបង់លុយ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះ នារសៀលថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសដែល លោកបានអញ្ជើញអធិបតីភាព នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងធ្វើ ឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដែលជាគម្រោង ឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន ប្រចាំ កម្ពុជា (JICA) នៅសាលប្រជុំធំ ជាន់ទី៥ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា រឿងជញ្ចីងថ្លឹងឡាននេះ សុទ្ធតែជារៀងដែលត្រូវឈឺក្បាលហើយ ដែលបានធ្វើឱ្យមុខមាត់ប្រទេសជាតិ រាជរដ្ឋាភិបាលក៏មិនល្អដែរ ដោយសារតែកន្លែងជញ្ជីងនេះ ចេះតែមានបញ្ហាមិនចេះឈប់ ហើយនៅព្រឹកមិញនេះ លោកបានចុះហត្ថលេខា ដូរប្រធានជញ្ជីងថ្លឹងឡាន ៣កន្លែងចេញ ដែលនេះគឺជាដំណាក់កាលទី១ ហើយនឹងបន្តធ្វើជាបន្តបន្ទាប់ យើងមានព័ត៌មានអស់ហើយ អាកន្លែងជញ្ជីងនេះ កន្លែងខ្លះឡានមិនបានចូលថ្លឹងផងឱ្យទៅបាត់ ឱ្យទៅបង់លុយតែម្តង អារឿងនេះខាងក្រសួងបានដឹងអស់ហើយ គឺមានគេបញ្ជូនឱ្យអស់ហើយ ទាំងកន្លែងណា នៅម៉ោងប៉ុន្មានគេថតឱ្យបានទាំងអស់។
លោកបានបញ្ជាក់ថា ចាប់ពីពេលនេះក្រសួងនឹងចាត់វិធានការក្តៅហើយ មិនទុកឱ្យខូចមុខមាត់ប្រទេសជាតិ និងរដ្ឋាភិបាលបន្តទៀតនោះទេ ព្រោះច្រើនដងពេកហើយ កាលពីមុនធ្លាប់ដូរម្តងហើយ ១៥ស្ងានីយ៍ បានដូរអស់ម្តងហើយចំពោះស្ថានីយ៍ទាំងនោះ ហើយឯកសារគឺមាននៅក្នុងតុលារការនៅឡើងទេ មន្ត្រីក្រសួងបានដោះចេញម្តងហើយ ដាក់អ្នកថ្មីមកសង្ឃឹមថាល្អ មិនដូចអ្នកចាស់ទៀតទេ ឥលូវដាក់មកដូចអ្នកមុនទៀត ក្រសួងសាធារណៈការ និងដឹកជញ្ជូន ចាប់ផ្តើងរាងចាលហើយ នឹងមិនទុកឱ្យនៅដូចនេះទៀតទេ។
លោកក៏បានសំណូមពរឱ្យអ្នកធ្វើការ នៅកន្លែងជញ្ជីងថ្លឹងរថយន្ត ត្រូវធ្វើការឱ្យបានហ្មត់ចត់ ត្រឹមត្រូវ ឡានត្រូវថ្លឹងឱ្យបានពិតប្រាកដ ទម្ងន់លើសត្រូវផាកពិន័យ មិនអាចឱ្យគេឆ្លងកាត់ ដោយមិនថ្លឹង ឫថ្លឹងហើយយកលុយគេ ឱ្យគេទៅមុខទៀតបាននោះទេ រឿងនេះសុំបញ្ចប់ហើយ មន្ត្រីទាំងអស់ត្រូវឈប់បន្តល្មើសសកម្មភាពទាំងនេះទៀត ហើយបើជាមន្ត្រីពិតជាសូមអរគុណណាស់ ហើយមន្ត្រីមិនល្អ បើនៅតែអញ្ចឹងទៀតនៅមិនបាននោះទេ ហើយចំពោះមន្ត្រីប្រធានស្ងានីយ៍ ដែលបានបញ្ឈប់ទាំង៣ទីតាំងនោះ និងបានដឹងនៅថ្ងៃស្អែកនេះហើយ៕