Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ៖ «ធ្វើល្ងង់ទាន់ខ្លួនឯងចេះ កុំធ្វើចេះបើខ្លួនឯងល្ងង់» (Video inside)

28-01-2019 18:02

(ភ្នំពេញ)៖ ធម្មតាមនុស្សគ្រប់គ្នាៗ តែងតែចង់បានការជោគជ័យ ទៅលើកិច្ចការផ្សេងៗមិនថា ការរកស៊ី, ការធ្វើការ ឬធ្វើអ្វីផ្សេងនោះឡើយ ហើយដើម្បីឲ្យការងារមួយទទួលបានជោគជ័យ យើងម្នាក់ៗ ត្រូវតែចេះបត់បែងទៅតាមកាលៈទេសៈ ពិសេសចេះដាក់ខ្លួន គ្រប់ស្ថានការណ៍ មិនមានអំណួតអួតអាង។

លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ សហគ្រិនជោគជ័យវ័យក្មេងមួយរូប បានបង្ហាញទស្សនៈរបស់ខ្លួនថា ប្រសិនបើអ្នកទាំងអស់គ្នាចង់ទទួលបានជោគជ័យ ត្រូវតែចង់ចាំពាក្យស្លោកមួយឃ្លាដែលមានអត្ថន័យថា «ធ្វើល្ងង់ទាន់ខ្លួនឯងចេះ កុំធ្វើចេះបើខ្លួនឯងល្ងង់»

លោកឧកញ៉ាថា ពាក្យស្លោកមួយឃ្លានេះ គឺជាការដាស់តឿនយ៉ាងល្អមួយ ទៅដល់អ្នករកស៊ី និងប្រកបអាជីវកម្មនានា ដើម្បីដាស់តឿនខ្លួនឯងថា បើចង់ជោគជ័យត្រូវតែកុំអំណួត ប្រសិនបើខ្លួនឯងមិនចេះ និងមិនបានទទួលជោគជ័យនៅឡើយ។

លោកថា «ជាក់ស្ដែងដូចរូបខ្ញុំផ្ទាល់ក៏ធ្លាប់បានក្ស័យទុន លើបញ្ហាហិរញ្ញវត្ថុម្ដងដែរ គឺដោយសារតែខ្ញុំមានភាពអំណួតលើអាជីវកម្មរបស់ខ្ញុំ ដោយសារតែខ្ញុំលោភពេក មិនសូវចាប់អារម្មណ៍, ខ្វល់ខ្វាយ និងយកចិត្តទុកដាក់ពាក្យដាស់តឿននោះឡើយ»

លោកបន្ថែមថា ពាក្យស្លោកនេះ ជាការដាស់តឿនល្អមួយសម្រាប់ខ្លួនឯង ដើម្បីរំលឹកខ្លួនឯង កុំឲ្យដើរលើផ្លូវអំណួតម្ដងទៀត ហើយរាល់ការសម្រេចចិត្តមួយណាក៏ដោយ ត្រូវតែស្ដាប់ឲ្យបានច្រើន ព្រោះថា អ្នកជោគជ័យភាពច្រើន គឺចូលចិត្តស្ដាប់ បន្ទាប់ពីស្ដាប់ពួកគាត់នឹងធ្វើការវិភាគ និងគិតឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តធ្វើអ្វីមួយ។

លោកបន្ដថា «រាល់អាជីវកម្មរបស់ខ្ញុំទាំងអស់ ខ្ញុំតែងតែបង្កើតដោយខ្លួនឯង១០០% ដោយមិនមានការចូលហ៊ុនជាមួយក្រុមហ៊ុនផ្សេងៗឡើយ ហើយមុនសម្រេចចិត្តបង្កើតអ្វីមួយ ខ្ញុំតែងតែគិតពី៣-៦ខែ បន្ទាប់ពីគិត និងបង្កើតរួចមកអ្វីដែលត្រូវធ្វើបន្ទាប់គឺ ការគិតទៅលើការការពារហានីភ័យ និងការឆ្ពោះទៅមុខ ដើម្បីសម្រេចគោលដៅ ឲ្យបានជោគជ័យ»

សូមជម្រាបថា​ លោកឧកញ៉ា ចិត្រ សេរីសុភ័ក្រ្ដ គឺជាសហគ្រិនជោគជ័យម្នាក់ ដោយបច្ចុប្បន្ននេះលោកគ្រប់គ្រង អាជីវកម្មចំនួន១៤មុខរួមមាន៖ ផ្នែកគ្រឿងសំអាង, ម្ហូបអាហារ, កាហ្វេ, វិស័យដីធ្លីជាដើម។

ជាមួយនឹងភាពជោគជ័យលើអាជីវកម្មជាច្រើនមុខនេះ លោកឧកញ៉ា ក៏បានចូលរួមចែករំលែក បទពិសោធន៍ពីការគ្រប់គ្រងអាជីវកម្មច្រើនមុខ ក្នុងពេលតែមួយផងដែរ។

លោកឧកញ៉ាឲ្យដឹងថា «ពិតណាស់ការគ្រប់អាជីវកម្មច្រើនមុខ ក្នុងពេលតែមួយមិនមានជារឿង ងាយស្រួលនោះឡើយ ជាក់ស្ដែងដូចជាខ្ញុំមិនសូវមានពេលគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងឡើយ ប៉ុន្ដែអ្វីដែលខ្ញុំមាន គឺការតស៊ូព្យាយាម និងអត់ធ្មត់ព្រោះថា អ្នកជោគជ័យភាគច្រើន មិនមានអាជីវកម្មមួយមុខក្នុងដៃឡើយ តែត្រូវផ្ដើមឡើងពីមួយមុខ»

លោកបន្ថែមថា «បន្ថែមពីលើការតស៊ូព្យាយាម ខ្ញុំក៏មានបទពិសោធន៍ជាច្រើនឆ្នាំ លើការគ្រប់គ្រងបូករួមជាមួយនឹងការដាស់តឿនខ្លួនឯង និងស្ដាប់រាល់មតិយោបល់ពីអ្នកនៅជុំវិញខ្លួន»