(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៣៖០០នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៥ (GS5-F4 និង F5) មូលហេតុដោយសារក្រុមហ៊ុនឯកជន ប្រើប្រាស់អេស្កាវ៉ាទ័រកាយដីដាក់លូ ប៉ះខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ទី១៖ តំបន់កាំកូស៊ីធី (Camko City) ខណ្ឌទួលគោក, ទី២៖ ផ្លូវហាណូយ និងផ្លូវឧកញ៉ាទ្រី ហេង ភូមិពោងពាយ ភូមិរោងចក្រ ភូមិច្រេស និងភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី, និងទី៣៖ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនវេលាម៉ោង១៧៖៣១នាទីយប់។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕