(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះថា កិច្ចប្រជុំពិភាក្សាស្វែងរកដំណោះស្រាយបញ្ហាស្រូវប្រភេទ អ៊ីអ៊ែរ (IR) របស់កសិកររវាងក្រសួងកសិកម្ម និងពាណិជ្ជករវៀតណាម ដែលរកស៊ីក្នុងវិស័យស្រូវអង្ករនៅកម្ពុជា នឹងត្រូវរៀបចំឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅក្រសួងកសិកម្ម។

លោកបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីបង្កើនទំនាក់ទំនងក្នុងការធ្វើពាណិជ្ជកម្មស្រូវអង្ករជាមួយភាគីវៀតណាម​ ដើម្បីដឹងថា ហេតុអ្វីបានជាភាគីវៀតណាមដែលរកស៊ីវិស័យស្រូវអង្ករ ហាក់នៅទ្រឹងមិនសូវផុសផុលដូចមុនលើការទិញស្រូវ ដែលបង្កើតជាក្តីបារម្ភដល់កសិករ ដែលប្រមូលផលស្រូវអ៊ីអ៊ែរ តាមបណ្តាខេត្តជាប់ព្រំដែន។

លោក ស្រី វុឌ្ឍី បានបញ្ជាក់ថា «កិច្ចប្រជុំដែលគ្រោងរៀបចំនៅថ្ងៃទី៣០ ខែមករាខាងមុខនេះ ដើម្បីស្វែងរកមូលហេតុដែលភាគីវៀតណាម មិនសម្រុកទិញស្រូវពីកម្ពុជាឲ្យច្បាស់លាស់ ព្រោះតែស្រូវអ៊ីអ៊ែរ នៅជាប់ព្រំដែនកម្ពុជាវៀតណាម គឺពឹងផ្អែកទីផ្សារវៀតណាម។ ចំណែកឯស្រូវក្រអូបវិញ មិនមានបញ្ហាធ្លាក់ចុះតម្លៃនោះទេ»។

សូមជម្រាបថា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសប្រកាសតែងតាំងប្រធានមន្ទីរកសិកម្មខេត្តកំពង់ចាមថ្មី បានបញ្ជាឲ្យមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំជាបន្ទាន់មួយ ដោយអញ្ជើញមន្ទីរពាក់ព័ន្ធ ក្រុមហ៊ុន ឬឈ្មួញប្រមូលទិញស្រូវ ដើម្បីសិក្សាអំពីបញ្ហាស្រូវចុះថ្លៃ។

យោងតាម Facebook ផ្លូវការរបស់លោករដ្ឋមន្ត្រី វេង សាខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកយកបញ្ហាតម្លៃស្រូវ ដែលកំពុងធ្លាក់ចុះនាពេលនេះ មកពិភាក្សា និងធ្វើការណែនាំដល់មន្រ្តីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យរៀបចំកិច្ចប្រជុំជាបន្ទាន់ ដោយអញ្ញើញមន្ទីរពាក់ព័ន្ធជុំវិញខេត្ត ក្រុមហ៊ុន ឬឈ្មួញប្រមូលទិញស្រូវ ពិសេសអភិបាលនៃគណអីបាលខេត្ត ដើម្បីសិក្សាពីមូលបញ្ហា រួចដាក់ចេញនូវយន្តការដោះស្រាយ និងចុះអន្តរាគមន៍ជូនប្រជាពលរដ្ឋជាបន្ទាន់ ជាពិសេសទប់ស្តាត់ឱ្យបាននូវវិទ្ធង្សនាសេដ្ឋកិច្ច ដែលបង្កឡើងដោយជនអគតិ ដែលយកហេតុផលនៃការធ្លាក់ចុះតម្លៃស្រូវនាពេលនេះ គឺបណ្តាលមកពីសហភាពអឺរ៉ុបយកពន្ធនាំចូលអង្ករ ពីកម្ពុជាចំនួន ២០០ដុល្លារក្នុង១តោន»