(ភ្នំពេញ)៖ ក្រុមហ៊ុន Precision Cars (Cambodia) Limited ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវរថយន្ត និងផលិតផលម៉ាក Porsche នៅក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីដាក់សម្ពោធនូវស៊េរីចុងក្រោយនៃរថយន្ត SUV ទំនើបបែបប្រណិតដែលលក់ដាច់បំផុត គឺរថយន្ត Macan ស៊េរីថ្មី នៅផ្សារទំនើបអ៊ីអន សែនសុខ ដែលមានការសម្តែងក្បាច់រាំដោយក្រុមរាំ OMG Dance Crew។
រថយន្ត Macan ស៊េរីថ្មីនេះដែរ នឹងត្រូវបានដាក់តាំងបង្ហាញនៅបរិវេណ Central Court នៃផ្សារទំនើបអ៊ីអនសែនសុខ រហូតដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។
លោក Graeme Hunter ដែលជានាយកប្រត្តិបត្តិនៃក្រុមហ៊ុន Porsche កម្ពុជា បានថ្លែងថា «ពួកយើងពិតជាមានភាពត្រេកអរជាខ្លាំង ក្នុងការដាក់តាំងបង្ហាញរថយន្តទំនើបស៊េរីចុងក្រោយ នៃប្រភេទ SUV ប្រណិតខ្នាតតូច គឺរថយន្ត Macan និង Macan S នៅទីផ្សារកម្ពុជា។ រថយន្ត Porsche Macan គឺជាម៉ូដែលរថយន្តដែលលក់ដាច់បំផុត និងជារថយន្តដែលទទួលបានការពេញនិយមពីអតិថិជន ក៏ដូចជាអ្នកគាំទ្រផងដែរ»។
លោកបានបន្ថែមថា ដើម្បីអបអរក្នុងពិធីគម្រប់ខួប៤ឆ្នាំ នៃការដំណើរការនៅកម្ពុជា និងដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងខិតចូលមកដល់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រុមក៏បានចាប់ផ្តើមណែនាំអំពី ការបង្កើននូវ Option ស្តង់ដារថ្មី ព្រមទាំងកញ្ចប់តម្លៃ ដែលមានភាពប្រសើរជាងមុន ដើម្បីឲ្យអតិថិជនបានទទួលយកបទពិសោធន៍បើកបររថយន្ត Porsche មួយដែលកាន់តែមានភាពល្អឥតខ្ចោះ។
រថយន្ត Macan និង Macan S ត្រូវបានផលិតឡើងនៅរោងចក្រ Porsche នៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង និងត្រូវបានផលិតឡើងជាពិសេស សម្រាប់ទីផ្សារ និងតម្រូវការប្រើប្រាស់ក្នុងប្រទេសកម្ពុជា ហើយអតិថិជនអាចរកជាវ និងកម្ម៉ង់បាននៅមជ្ឈមណ្ឌលផុសហ្សេភ្នំពេញ ដែលមានតំលៃចាប់ពី USD126,300 និងUSD 140,300 រួមបញ្ចូលទាំងពន្ធអាករ។ Option ស្តង់ដាររបស់រថយន្តនេះ ត្រូវបានបន្ថែមដោយបានដាក់បញ្ចូលនូវចង្កៀង LED ខាងមុខ ប្រព័ន្ធតភ្ជាប់បណ្តាញថ្មី PCM និងប្រព័ន្ធការពារចោរ រួមទាំងកាម៉េរាសុវត្ថិភាព នៅក្នុងរថយន្តផងដែរ។
រថយន្ត Macan ស៊េរីថ្មីភ្ជាប់មកជាមួយនូវម៉ាស៊ីនសាំង ដែលសន្សំសំចៃខ្ពស់ចំនួន៤ និង Turbocharged ដែលមានទំហំ2.0 លីត្រ និងការបង្កើនសមត្ថភាពបញ្ឆេះ ដោយផ្លាស់វិមាត្ររបស់បន្ទប់បំផ្ទុះ។ Macan ស៊េរីថ្មីបាននាំមកនូវកម្លាំង ១៨៥គីឡូវ៉ាត់ ដែលស្មើ២៥២កម្លាំងសេះ និងមានកម្លាំងអូសទាញរហូតដល់៣៧០Nm។ ទាំងអស់នេះ រួមបញ្ចូលជាមួយប្រអប់លេខ PDK dual-clutch ដែលមាន៧លេខនោះ បានធ្វើឲ្យរថយន្ត SUV ខ្នាតតូចនេះអាចបង្កើនល្បឿន ពី០ ដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ៦,៧ វិនាទី និងឈានដល់ល្បឿនលឿនបំផុតគឺ ២២៧គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្ត Macan ថ្មីនេះ ស៊ីសាំងប្រហែល៨,១លីត្រ ក្នុងរយៈចំងាយ១០០គីឡូម៉ែត្រ បើយោងទៅតាម New European Driving Cycle (NEDC)។ ជាមួយម៉ូឌែលនេះ ដែលទទួលបានការកែទម្រង់មុខមាត់ថ្មី ការទទួលបានលក្ខណៈពិសេសថ្មីទៅលើផ្នែក ឌីហ្សាញ ផ្នែកផាសុខភាព ផ្នែកភ្ជាប់បណ្តាញ និង ស្ថេរភាពនៃការបើកបរ រួមបញ្ចូលទាំង ស្តុបក្រោយ LED ដែលមានទំរង់ជា3D និង ប្រព័ន្ធតភ្ជាប់បណ្តាញដែលហៅថា Porsche communication management system ដែលមានអេក្រង់ touchscreen ទំហំ10.9អ៊ីញនៅក្នុងរថយន្តស្រាប់៕