(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី «យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន» សម្រាប់គម្រោងវិនិយោគ សាធារណៈ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ហៅកាត់ជាភាសាអង់គ្លេសថា PPP។
ការរៀបចំសិក្ខាសាលា នាសណ្ឋាគារភ្នំពេញ មានគោលបំណងប្រមូលធាតុចូលសំខាន់ៗ បន្ថែមទៀតពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, អ្នកវិនិយោគ ពីវិស័យពាក់ព័ន្ធ ព្រមទាំងសភាពាណិជ្ជកម្មជាតិ និងអន្តរជាតិ សំដៅបន្តកែលម្អសេចក្តីព្រាងច្បាប់នេះឲ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ, សង្គតិភាព និងអាចអនុវត្តបានប្រកប ដោយប្រសិទ្ធភាពខ្ពស់។
លោក វង្សី វិស្សុត បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពី យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាឧបករណ៍ដ៏សំខាន់សម្រាប់គ្រប់គ្រងការបែងចែង និងការប្រើប្រាស់ធនធនជាតិ ទាំងធនធានហិរញ្ញវត្ថុទាំងធនធានមនុស្ស និងធនធានបញ្ញាឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងបរិការណ៍មួយដែលកម្ពុជា មានការវិវត្តន៍ឈានឡើងកាន់តែខ្ពស់ ដែលធ្វើឱ្យមានតម្រូវការប្រើប្រាស់ធនធាន លើការវិនិយោគសាធារណៈកាន់តែធំ ជាពិសេស លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ក្នុងខណៈដែលធនធានរបស់រដ្ឋនៅមានកម្រិតនៅឡើយ។
លោកបានបន្តថា ដើម្បីអាចហក់ឡើងទៅជាប្រទេសចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០ កម្ពុជាត្រូវបង្កើន ការវិនិយោគសាធារណៈក្នុងរង្វង់ប្រមាណ៤០% នៃផសស ក្នុងមួយឆ្នាំ ដូចបណ្តាប្រទេស ក្នុងតំបន់ ក៏ប៉ុន្តែទំហំនៃការវិនិយោគសារធារណៈសរុបរបស់កម្ពុជា (ទាំងរដ្ឋ និងឯកជន) បច្ចុប្បន្នមានត្រឹមតែប្រមាណពី ២៨% ទៅ ២៩ % ប៉ុណ្ណោះ ក្នុងនោះ ការវិនិយោគសាធារណៈ របស់មានត្រឹមតែ៨% នៃ ផសស។
ក្នុងន័យនេះ យើងគ្មានជម្រើសអ្វីផ្សេងក្រៅពីការទាក់ទាញទុនបន្ថែមពីឯកជន ទាំងទុនដែលមាននៅក្នុងប្រទេសស្រាប់ និងទុនមកពីក្រៅប្រទេស សម្រាប់យកទៅធ្វើការវិនិយោគសាធារណៈ ដើម្បីបង្កើនទំហំនៃការវិនិយោគ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។ ក្រៅពីអាចធានាបាននូវយុត្តិធម៌សង្គមកាន់តែប្រសើរ តាមយន្តការនេះ, វិស័យឯកជនក៏អាចនឹងនាំ មកនូវប្រសិទ្ធភាព, នវានុវត្តន៍, ចំណេះដឹង និងចំណេះធ្វើ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានប្រសិទ្ធភាព និងមានតម្លៃបន្ថែមកាន់តែខ្ពស់ថែមទៀត។
លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ថ្វីត្បិតតែយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន មានចំណុចខ្លាំង និងចំណុចខ្សោយ ប៉ុន្តែជានិន្នាការប្រទេសស្ទើរតែទាំងអស់នៅលើពិភពលោក កំពុងតែកំពុងពេញនិយមពេញប្រើប្រាស់នូវយន្តការនេះ រួមទាំងដៃគូក៏កំពុងជំរុញកិច្ចការនេះផងដែរ។ ដូចនេះ ការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺជាជំហានមួយឆ្ពោះ ទៅរកការកសាងក្របខ័ណ្ឌមួយ ប្រកបដោយតម្លាភាព និងយុត្តិធម៌ សម្រាប់គ្រប់គ្រង និងចែករំលែកហានិភ័យ និងផលចំណេញ ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីឯកជន។
ទន្ទឹមនឹងនេះ អ្វីដែលសំខាន់បំផុត គឺកម្ពុជាក៏ត្រូវមានការកសាងសមត្ថភាពស្ថាប័ន និងប្រព័ន្ធអភិបាលកិច្ចរឹងមាំ ដើម្បីពង្រឹងការគ្រប់គ្រងយន្តការនេះ ដូចជាការគ្រប់គ្រងកិច្ចសន្យា និងការដោះស្រាយបញ្ហាផ្សេងៗ ដើម្បីអាចធានាបាននូវស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នា ទាំងភាគីរដ្ឋ អ្នកវិនិយោគ និងអ្នកប្រើប្រាស់ ជាពិសេសសម្រាប់ប្រទេសជាតិ និងប្រជាជន ។
លោក វង្សី វិស្សុត បានថ្លែងផងដែរថា សេចក្តីព្រាងច្បាប់នេះ មិនមានវិសាលភាពគ្របដណ្តប់លើច្បាប់វិនិយោគ និងច្បាប់សម្បទានដែលមានស្រាប់នោះទេ តែសេចក្តី ព្រាងច្បាប់ នេះនឹងជួយបំពេញឱ្យគ្នាទៅវិញទៅមក និងមានវិសាលភាពដោយឡែក ដោយគ្របដណ្តប់តែទៅលើគម្រោងវិនិយោគសាធារណៈ (ជាទូទៅគឺហេដ្ឋារចនា សម្ព័ន្ធសាធារណៈ) ទាំងឡាយណាដែលមានបច្ច័យមកលើថវិកាជាតិ ពោលគឺចំពោះតែគម្រោងវិនិយោគសាធារណៈដែលតម្រូវឱ្យមានការធានាពីរដ្ឋ ឬគម្រោងមានកាតព្វកិច្ច បំណុលជាយថាហេតុ និងគម្រោងដែលមានការប្រើប្រាស់មូលនិធិបំពេញផលចំណេញខាងផ្នែកហិរញ្ញវត្ថុ ដើម្បីគម្រោងអាចដំណើរការបានប៉ុណ្ណោះ។
លោកបានគូសបញ្ជាក់ថា ទន្ទឹមនឹងការទាក់ទាញការវិនិយោគសាធារណៈបន្ថែមពីវិស័យឯកជន, រាជរដ្ឋាភិបាលក៏នឹងបង្កើនវិចារណកម្ម និងពង្រឹងប្រសិទ្ធភាព នៃចំណាយវិនិយោគ សាធារណៈបន្ថែមទៀត តាមរយៈការរៀបចំគោលការណ៍ណែនាំរួមសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ទាំងថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ថវិកាពីដៃគូ និងធនធានពីវិស័យឯកជន។
លោក វង្សី វិស្សុត មានប្រសាសន៍ផងដែរថា ការរៀបចំសេចក្តីព្រាងច្បាប់នេះ គឺអនុវត្តតាមការចង្អុលបង្ហាញ និងការកំណត់នៅក្នុងឯកសារ គោលនយោបាយ ស្ដីពីការអភិវឌ្ឍយន្តការភាព ជាដៃគូរវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ២០១៦-២០២០ ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០១៦ កន្លងទៅសំដៅ៖ (១).ការរៀបចំស្ថាប័ន និងការទទួលខុសត្រូវដើម្បីធានាការប្រើប្រាស់គម្រោងវិនិយោគសាធារណៈតាមយន្តការ PPP ឱ្យបានត្រឹមត្រូវ និងជាប្រយោជន៍ ជូនសាធារណៈ; (២).ការបង្កើតក្របខ័ណ្ឌសម្រាប់ការ រៀបចំការអនុវត្ត និងការត្រួតពិនិត្យគម្រោងវិនិយោគសាធារណៈតាមយន្តការ PPP; (៣).ការបង្កើតនីតិវិធីលទ្ធកម្ម សម្រាប់គម្រោងវិនិយោគសាធារណៈតាមយន្តការ PPP; និង (៤).កំណត់យន្តការគាំទ្រនានាពីភាគីរដ្ឋ ការលើកទឹកចិត្តលើការវិនិយោគ និងកាតព្វកិច្ចដទៃដែលមានចែងក្នុងកិច្ចសន្យា៕