(ភ្នំពេញ)៖ យុវជនម្នាក់បាននាំសង្សាររបស់ខ្លួន ដើរលេងដាច់យប់រហូតចូលផ្ទះសំណាក់ ប៉ុន្តែត្រូវម្តាយសួរនាំរឿងដាច់យប់ បែកធ្លាយរឿងចូលផ្ទះសំណាក់ រហូតប្តឹងឲ្យនគរបាល ចាប់វាយខ្នោះខាងប្រុសដល់ក្នុងរោងចក្រ ខណៈរូបគេកំពុងធ្វើការ។

ការឃាត់ខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ខេង ចិត្រា អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិអណ្តូងចំបក់ ឃុំវាលពុង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកឯជនរងគ្រោះឈ្មោះ ស.ស.ក អាយុ១៥ឆ្នាំ (អនីតិជន) មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះជាមនុស្សស្គាល់គ្នា និងមានចិត្តប្រត្តិព័ត្រគ្នា ហើយនៅថ្ងៃកើតហេតុ ជនសង្ស័យបានបបួលជនរងគ្រោះទៅដើរ លេងមើលគេប្រគុំតន្ត្រី នៅកោះពេជ្រប្រហែលម៉ោងជាង១១យប់ ទើបជនសង្ស័យឌុបជនរងគ្រោះ និងបានសាងសងគ្នាបណ្តើរតាមផ្លូវថា «បើម្តាយអូនស្តីបន្ទោស ឬធ្វើអ្វី អូនទុកឲ្យបងជាអ្នក ទទួលខុសត្រូវ» និយាយរួចស្រាប់តែជនសង្ស័យឌុប ជនរងគ្រោះ ចូលផ្ទះសំណាក់យីហោ «ធារីយ៉ា» ស្ថិតនៅភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយជួលបន្ទប់លេខ៣ ជាន់ទី១។

លុះពេលចូលក្នុងបន្ទប់ ជនសង្ស័យ បានឲ្យជនរងគ្រោះងូតទឹក ហើយឡើងមកគេលើគ្រែជាមួយគ្នា ដោយជនសង្ស័យបបោសអង្អែល តែជនរងគ្រោះមិនព្រមរហូតដល់ម៉ោងប្រហែល៥ទាបភ្លឺ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ទើបជនសង្ស័យ ចាប់ផ្តើមធ្វើសកម្មភាពរំលោភម្តងទៀត ទើបជនរងគ្រោះព្រមប្រគល់ខ្លួនប្រាណមុនបបួលគ្នាទៅផ្ទះវិញ។

មន្ត្រីនគរបាលបានបន្តទៀតថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទីព្រឹក ម្តាយជនរងគ្រោះសួរនាំកូនស្រីដឹងរឿង ក៏ប្តឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍ លុះដល់ថ្ងៃទី២៨ វេលាម៉ោង០៩ព្រឹក ម្តាយជនរងគ្រោះ បានហៅជនសង្ស័យចេញពីរោងចក្រ ដោយមាននគរបាលទៅជាមួយ និងធ្វើការឃាត់ខ្លួន ជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍តែម្តង៕