(កោះកុង)៖ លោក ផៃធូន ផ្កាមកេសន អភិបាលស្តីទីខេត្តកោះកុង បានជុំរុញឲ្យមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម អនុវត្តន៍ឲ្យបានប្រសិទ្ធិភាព ក្នុងការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗ និងផ្សព្វផ្សាយលិខិតបទដ្ឋាននានាពាក់ព័ន្ធ លើកការងារកសិកម្ម ឲ្យបានកាន់តែល្អបន្ថែមទៀត។
លោក ផៃធូន ផ្កាមកេសន បានថ្លែងបែបនេះ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្នុងកម្មវិធីបូកសរុបលទ្ធផលអនុវត្តន៍ ការងារវិស័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
លោក ផៃធូន ផ្លាមកេសន បានថ្លែងថា មន្ត្រីកសិកម្មទាំងអស់ត្រូវបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ហើយការងារនេះ ត្រូវតែទទួលបានប្រសិទ្ធិភាពខ្ពស់ ក្នុងការបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗ។
ជាមួយគ្នានេះ ត្រូវផ្សព្វផ្សាយលិខិតបទដ្ឋាននានា ពាក់ព័ន្ធលើការគ្រប់គ្រងផ្នែកវិស័យកសិកម្ម ទាំងអស់នេះហើយ ដែលសំដៅឲ្យប្រជាកសិករនៅតាមមូលដ្ឋាន ដែលប្រកបរបរកសិកម្ម ទទួលបាននូវចំណេះដឹងពីបច្ចេកទេសថ្មីៗ ដូចជាការដាំដុះ ការថែទាំ និងការចិញ្ចឹមសត្វជាដើម ជាពិសេសធ្វើឲ្យកសិករ មានកម្រិតជីវភាពកើនឡើង តាមរយៈការធ្វើពិពិធកម្ម និងពាណិជ្ជបនីយកម្មកសិកម្ម។
លោកបញ្ជាក់បន្ថែមថា សាមីមន្ទីរត្រូវមានគោលការណ៍ ឲ្យបង្កើតសហគមន៍កសិកម្ម សហគមន៍នេសាទ និងសហគមន៍ព្រៃឈើ សហគមន៍ជលផល និងចូលរួមសហការណ៍ ពីអង្គភាពពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍន៍នានា ដើម្បីគាំទ្រឲ្យសហគន៍ទាំងអស់ ដំណើរការដោយភាពជោគជ័យ និងប្រជាកសិករមានចំណេះដឹងកាន់តែច្បាស់ ដើម្បីលើស្ទួយជីវភាពគ្រួសារ និងវិស័យកសិកម្មកាន់តែមានភាពរីកចម្រើន ពី១ឆ្នាំទៅ១ឆ្នាំផងដែរ៕