(ចិន)៖ ប្រជាជនចិន ប្រហែល៥៧០លាននាក់ បានប្រើសេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ នៅប្រទេសចិន ក្នុងឆ្នាំ២០១៨ ពោលគឺច្រើនជាងឆ្នាំ២០១៧ ដល់ទៅ៤៣លាននាក់ឯណោះ។ នេះបើយោងតាមរបាយការណ៍ថ្មីមួយ ដែលចេញផ្សាយ ដោយក្រុមហ៊ុនកាតទូទាត់ប្រាក់ដ៏ធំបំផុត ក្នុងពិភពលោកឈ្មោះថា China UnionPay។
របាយការណ៍ក្រុមហ៊ុន China UnionPay រកឃើញថា ប្រតិបត្តិការទូទាត់ប្រាក់តាមទូរស័ព្ទដៃ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៨ មានចំនួនច្រើនរយៈពេល៩ខែដើមឆ្នាំ២០១៧ ដល់ទៅជាង៧០ភាគរយ។ កំណើនប្រតិបត្តិការនេះ គឺបណ្ដាលមកពីការទូទាត់ប្រាក់ នៅតាមហាងលក់ទំនិញរាយ ហាងលក់ទំនិញអនឡាញ សេវាដឹកជញ្ជូនសាធារណៈ ទំនិញខ្ចប់ និងសំបុត្ររថភ្លើង។
របាយការណ៍រកឃើញថា ជាមធ្យម អ្នកប្រើសេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃម្នាក់នៅប្រទេសចិន ចាយប្រាក់អស់ប្រហែល៣៨៣ដុល្លារអាមេរិកក្នុង១ខែ កាលពីឆ្នាំ២០១៨ ហើយប្រជាជននៅសៀងហៃ ជឺជាំង និង ជាំងស៊ូ មានអ្នកប្រើសេវានេះច្រើនជាងគេ បើធៀបនឹងខេត្តក្រុងឯទៀត។ ការស្គែនកូដរហ័ស QR បានក្លាយជាវិធីទូទាត់ប្រាក់ដ៏ពេញនិយម ប៉ុន្តែវិធីទូទាត់ប្រាក់ដោយស្គែនមុខ ឬផ្នែកណាមួយនៃរាយកាយរបស់អ្នកប្រើប្រាស់ ក៏កំពុងមានគេប្រើកាន់តែច្រើនជាងមុនដែរ។
លោក វ៉ាង យូ អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហានិភ័យ ក្រុមហ៊ុន China UnionPay បានបញ្ជាក់ថា «កម្មវិធីស្គែនផ្នែកណាមួយនៃរាយកាយ ជួយឲ្យគេអាចទូទាត់បានកាន់តែងាយ ជួយឲ្យគេអាចបញ្ជាក់អត្តសញ្ញាណ របស់អ្នកប្រើបានកាន់តែច្បាស់ ហើយធ្វើឲ្យអតិថិជនអាចប្រើសេវានេះ បានកាន់តែលឿនងាយ និងមានសុវត្ថិភាព។ ដោយសារសេវាទូទាត់ប្រាក់ តាមទូរស័ព្ទដៃកាន់តែមានសុវត្ថិភាព បញ្ហាទូទាត់ប្រាក់តាមទូរស័ព្ទ ជាលក្ខណៈលួចបន្លំ ក៏បានថយចុះមកវិញ កាលពីឆ្នាំមុន»។
លោក វ៉ាង យូ បានបន្ថែមទៀតថា «និយាយជារួមទៅ បើគេប្រើកម្មវិធីណា កម្មវិធីនោះហើយ ដែលជាអ្នកធានាសុវត្ថិភាពនៃការទូទាត់នេះ។ ម្យ៉ាងទៀត អ្នកប្រើកាត ក៏យល់ដឹងកាន់តែច្បាស់អំពីបញ្ហាសុវត្ថិភាព និងសញ្ញា គ្រោះថ្នាក់នៃសេវានេះដែរ។ សេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ ឬហៅម្យ៉ាងទៀតថា លុយក្នុងទូរស័ព្ទ គឺជាវិធីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលមួយ ដែលពឹងផ្អែកទៅលើទូរស័ព្ទ ជាជាងពឹងផ្អែកលើសែក កាត ឬ ក្រដាសប្រាក់។ ការដែលមានគេងាកមកប្រើសេវាពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិចកាន់តែទូលំទូលាយ គឺជាហេតុផលដែលជំរុញឲ្យសេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ មានប្រជាប្រិយភាពរហ័សដូច្នេះ នៅប្រទេសចិន»។
នៅប្រទេសចិន មានក្រុមហ៊ុនបីបួន ដែលកំពុងនាំមុខគេក្នុងវិស័យនេះ ដូចជា អាលីបាបា ដែលប្រើប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិចរបស់ខ្លួន ក្រុមហ៊ុនធែនស៊ែន ដែលប្រើបណ្ដាញសង្គម WeChat និងកម្មវិធីផ្ញើសារ QQ របស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន ជាទ្រង់ទ្រាយធំជាដើម។ ក្រុមហ៊ុនទាំងនេះ ក៏កំពុងដឹកនាំទីផ្សារទូទាត់ប្រាក់តាមទូរស័ព្ទដៃនេះតាមរយៈកម្មវិធីកាបូបលុយអេឡិចត្រូនិចរបស់ពួកគេ ដូចជា Alipay និង WeChat Pay ផងដែរ។ ហើយក្រុមហ៊ុន UnionPay ដែលមានស្នាក់ការធំនៅសៀងហៃ កំពុងចង់បង្កើនប្រជាប្រិយភាពនៃសេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃរបស់ខ្លួនដូចគ្នា៕ (សារព័ត៌មាន CCTV របស់ចិន)