(កំពង់ចាម)៖ លោក ស៊ីម ថាវីរៈ ត្រូវបានប្រកាសឲ្យចូលកាន់មុខតំណែង ជាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ជំនួសលោក គឹម សាវឿន ដែលត្រូវបានប្ដូរទៅបំពេញការងារថ្មី នៅរាជធានីភ្នំពេញ។

ពិធីប្រកាសនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។

លោក គួច ចំរើន បានថ្លែងថា វិស័យកសិកម្មបានស្រូបយកកម្លាំងពលកម្មប្រមាណជា៦០ភាគរយ នៅក្នុងស្រុក ហើយបានរួមចំណែកប្រមាណជាង៣១% នៃផលិតផលក្នុងស្រុក ក្នុងនោះដែរខេត្តកំពង់ចាម ក៏ត្រូវបានចាត់ ទុកជាខេត្តមួយ ដែលមានសក្តានុពល ខាងវិស័យកសិកម្ម និងបានចូលរួមចំណែក ខាងវិស័យសេដ្ឋកិច្ចជាតិ រួមមាន៖ ដំណាំកសិកម្ម កសិឧស្សាកម្ម ការចិញ្ចឹមសត្វ បែបឧស្សាហកម្មទំនើប និងអំពីផលិតផល អំពីសត្វ -ល-។

បើតាមលោកអភិបាលខេត្ត នាពេលកន្លងមកនេះ ខេត្តកំពង់ចាម មានការអភិវឌ្ឍជាបណ្តើៗ លើគ្រប់វិស័យ បើនិយាយជារួម និងនិយាយ ដោយឡែកតាមរយៈការយកចិត្តទុកដាក់ របស់មន្ទីរកសិកម្មខេត្តកំពង់ចាម បានពង្រឹងសមត្ថភាពរបស់ខ្លួន និងបានផ្ដល់នូវបទពិសោធន៍ល្អៗ ដល់ប្រជាកសិករនៅតាមមូលដ្ឋានទូទាំងខេត្ត និងបានធ្វើការបណ្ដុះបណ្ដាល និងធ្វើបទបង្ហាញផ្សេងៗគួរឲ្យកោតសរសើរ ជាពិសេសនៅក្នុងឆ្នាំ២០១៨ កន្លងទៅនេះ។

ក្នុងឱកាសនោះដែរ លោក វេង សាខុន ក៏បានណែនាំឲ្យលោក ស៊ីម ថាវីរៈ ជាប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ដែលទើបនឹងចូលកាន់តំណែង ឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ពាក់ព័ន្ធលើការងារវិស័យកសិកម្មនេះ ពោលគឺត្រូវខិតខំជួយប្រជាពលរដ្ឋ លើការដាំដុះ និងត្រូវខិតខំគិតគូររកទីផ្សារឲ្យពួកគាត់ផងដែរ។

ដោយឡែកការងារគ្រប់គ្រង នៅក្នុងអង្គភាព លោករដ្ឋមន្ត្រី បានណែនាំឲ្យលោកប្រធានមន្ទីរកសិកម្ម ដែលទើបតែចូលកាន់មុខតំណែងនេះ ធ្វើកិច្ចការសហការគ្នា សាមគ្គីគ្នា ឲ្យបានល្អប្រសើរ និងត្រូវចេះមើលទៅលើ ឥរិយាបថការងាររបស់មន្ត្រីរបស់ខ្លួន ម្យ៉ាងទៀតបើសិនជាមន្ត្រីរបស់ខ្លួន គាត់ធ្វើកិច្ចការបានល្អ ប្រធានមន្ទីរ ត្រូវជួយជ្រោមជ្រែងគាត់ បណ្ដុះបណ្ដាលគាត់ លើកទឹកចិត្តគាត់ ជំរុញគាត់ឲ្យក្លាយទៅ ជាអ្នកដឹកនាំបន្តវេននោះ ទើបជាការប្រសើរ៕