(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីភាព នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) ដែលជាគម្រោង ឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំកម្ពុជា (JICA)។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលនេះ សរុបប្រវែង ១៤៦.០៤ គីឡូម៉ែត្រ ដោយចាប់ពីធ្លាម្អម-បាត់ដំបង មានប្រវែង ១១០.៩០គីឡូម៉ែត្រ និងរួមបញ្ជូលផ្នែកចុងក្រោយ សិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែង៣៥.១៤គីឡូម៉ែត្រផងដែរ ។
ក្រុមហ៊ុនដែលទទួលបានសិទ្ធិម៉ៅការសាងសង់គម្រោងនេះ សម្រាប់កញ្ចប់ទី១ កញ្ចប់ទី២ និងកញ្ចប់ទី៣ រួមមាន៖
១៖ ក្រុមហ៊ុន ILSUNG-CIENCO1 Joint Venture
២៖ ក្រុមហ៊ុន OBAYASHI Corporation
៣៖ និងក្រុមហ៊ុន TEKKEN-IKEE Joint Venture