(ចិន)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ជាក្រុមហ៊ុនឧបករណ៍និស្សន្ទឈានមុខគេ ជាមួយនឹងបទពិសោធន៍ និងវត្តមានជាសាកល បានចូលរួមនៅក្នុងពិព័រណ៍ iFX Expo Asia 2019 ដែលជាពិព័រណ៍ហិរញ្ញវត្ថុដ៏ធំមួយ ដោយបានប្រមូលផ្តុំទីប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទ, ធនាគារ ស្ថាប័នផ្តល់សេវាកម្មជំនាញៗ និងក្រុមហ៊ុននាំមុខក្នុងវិស័យហិរញ្ញវត្ថុ ពីតំបន់ផ្សេងៗនៃពិភពលោក។
ជាមួយនឹងការចូលក្នុងពិព័រណ៍អន្ដរជាតិដ៏ធំមួយនេះ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ក៏បានបង្ហាញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ដល់អ្នកចូលទាំងអស់គ្នាផងដែរ។
ពិព័រណ៍ iFX Expo Asia 2019នេះ ត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែមករា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ហុងកុងនៃទីក្រុងហុងកុង។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានលើកឡើងពី ការចូលរួមក្នុងពិព័រណ៍ iFX Expo Asia 2019នេះ និងបានបង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជា និងការប្ដេជ្ញាចិត្តជួយប្រទេសនេះឲ្យពង្រឹងនូវយុទ្ធសាស្រ្ត និងអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទរបស់ខ្លួន ឱ្យស្របទៅនឹងវិស័យឧបករណ៍និស្សន្ទ របស់ពិភពលោកដែលកំពុងតែរីកលូតលាស់យ៉ាងឆាប់រហ័ស។
អភិបាលរូបនេះបន្ថែមថា «គិតមកដល់ពេលនេះក្រុមហ៊ុន បានចូលរួមក្នុងពិព័រណ៍អន្តរជាតិ មួយចំនួនមកហើយ ដោយក្នុងនោះក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ក៏បានបង្ហាញពីប្រទេសកម្ពុជា និងសក្តានុពលវិនិយោគ ដល់វិនិយោគិនបរទេសជាច្រើនផងដែរ»។
លោកបញ្ជាក់ថា ជាលទ្ធផលក្រុមហ៊ុនក៏បានទទួលបានគួរឱ្យ កត់សម្គាល់មួយនៃចំនួនវិនិយោគិន ដែលមកពីចក្រភពអង់គ្លេស, ស្វីស, អារ៉ាប់រួម, ជប៉ុន, សិង្ហបុរី, ឥណ្ឌូនេស៊ី, ចិន, មីយ៉ាន់ម៉ា និងប្រទេសវៀតណាមបានបង្ហាញពីចំណាប់អារម្មណ៍ និងទំនាក់ទំនងពួកយើងដើម្បីសិក្សាពី ឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។
លោកបន្ដថា នេះជាសមិទ្ធិផលគួរជាទីមោទនសម្រាប់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង និងប្រទេសកម្ពុជាទាំងមូលព្រោះ ពួកយើងកំពុងធ្វើការរួមគ្នាឆ្ពោះទៅរកភាពរុងរឿងនៃ ទីផ្សារឧបករណ៍និស្សន្ទ។
ក្នុងពិព័រណ៍ iFX Expo Asia 2019នេះ លោក Lawrence ក៏ត្រូវបានអញ្ជើញឱ្យចូលរួម ជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ដើម្បីផ្តល់ឱ្យទស្សនិកជននូវការយល់ដឹងពី អនាគតនៃវិស័យឧបករណ៍និស្សន្ទនេះ។
លោកស្រី Monisa Yang នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ដែលបានចូលរួមក្នុងទីផ្សារឧបករណ៍និស្សន្ទស្របច្បាប់នៅកម្ពុជា តាំងពីដំណាក់កាលដំបូង បានបង្ហាញពីសុទិដ្ឋិនិយមលើភាពរីកចម្រើនរបស់ទីផ្សារមួយនេះហើយជឿជាក់ថា នឹងទាក់ទាញតួអង្គក្នុងទីផ្សារតាមរយៈ ការចូលរួមក្នុងពិព័រណ៍អន្តរជាតិជានិច្ចកាល រួមផ្សំនឹងគោលនយោបាយវិនិយោគអំណោយផល នឹងជួយបង្កើនល្បឿនក្នុងការអភិវឌ្ឍ។
លោកស្រី Monisa លើកឡើងថា «ពិតជាមានមោទនៈភាពចំពោះវត្តមានរបស់ពួកយើង នៅក្នុងពិព័រណ៍អន្តរជាតិធំៗជាច្រើន សម្រាប់ជាប្រយោជន៍ដល់ទីផ្សារឧបករណ៍និស្សន្ទរបស់កម្ពុជា។
លោកស្រីបន្ដថា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការត្រួសត្រាយទីផ្សារស្របច្បាប់របស់ប្រទេសមួយនេះ ហើយជាមួយនឹងការចូលរួម កាន់តែច្រើនឡើងពីតួអង្គក្នុងទីផ្សារពីអន្តរជាតិ ក៏ដូចជាការអនុវត្តគោលនយោបាយអំណោយផល ដល់ការវិនិយោគពីរាជរដ្ឋាភិបាល ការវិវឌ្ឍលើគ្រប់ទិដ្ឋភាពដូចជាបច្ចេកវិទ្យា ផលិតផលនិងសេវាកម្ម យន្ដការ និងបទប្បញ្ញាត្តិ នឹងកាន់តែឆាប់រហ័ស។
លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា និងលោកបណ្ឌិត វិន ភក្តី ប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃ គណៈកម្មការមូលបត្រកម្ពុជា ក៏បានចូលរួមពិព័រណ៍ iFX Expo Asia 2019នេះផងដែរ និងបានស្ញប់ស្ញែងចំពោះភាពសកម្មរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ក្នុងទីផ្សារ។
សូមជម្រាបថា ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង ទទួលបានភាពលេចធ្លោយ៉ាងឆាប់រហ័ស បន្ទាប់ពីក្រុមហ៊ុនត្រូវបានបង្កើតឡើង ហើយបានបង្កើតប្រវត្ដិសាស្ដ្រជាបន្តបន្ទាប់។
បច្ចុប្បន្ននេះក្រុមហ៊ុខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង មានក្រុមហ៊ុនឈ្មួញជើងសា និងដៃគូសហប្រតិបត្តិការច្រើនជាងគេ។ ទន្ទឹមនឹងនេះក្រុមហ៊ុន ជាដៃគូដ៏ស្វាហាប់របស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការរួមគ្នារៀបចំព្រឹត្តិការណ៍ផ្សេងៗរួមមាន៖ វេទិកា និងសិក្ខាសាលាទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដើម្បីជំរុញការអភិវឌ្ឍនៃទីផ្សាឧបករណ៍និស្សន្ទនៅទូទាំងប្រទេសកម្ពុជា៕