(ភ្នំពេញ)៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មីប្រចាំកម្ពុជា បានជំរាបជូនលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច ស្តីពីវឌ្ឍនភាពថ្មីរបស់កម្ពុជា ជាមួយចិន ដែលត្រូវចាប់ផ្តើមនៅឆ្នាំ២០១៩នេះ ដោយចិនប្រកាសគាំទ្រជួយកម្ពុជា លើវិស័យសេដ្ឋកិច្ច គ្រាដែលកម្ពុជាកំពុងទទួលរងនូវការដាក់សម្ពាធពីបណ្តាប្រទេសមួយចំនួន។
នេះបើតាមការបញ្ជាក់ពីលោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៅក្រោយជំនួបសំដែងការគួរសមរបស់លោក វ៉ាង វិនធាន ជាមួយលោកស្រីឧបនាយករដ្ឋមន្ត្រី នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។
ជាមួយនឹងជំហរដ៏រឹងមាំរបស់រដ្ឋាភិបាលចិន នាពេលនេះ លោកអគ្គរដ្ឋទូតថ្មី បានបញ្ជាក់ថា ភាគីទាំងពីរកម្ពុជា-ចិន បានចុះហត្ថលេខាលើអនុស្សារណៈចំនួន៨រួចហើយ នៅក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិនជាលើកដំបូង ក្នុងឆ្នាំ២០១៩នេះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា។
នៅក្នុងជំនួបសំដែងការគួរសមនេះដែរ លោក វ៉ាង វិនធាន បានរំលឹកពីខ្លឹមសារសំខាន់ៗ នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន ជូនលោកស្រីឧបនាយរដ្ឋមន្ត្រី ម៉ែន សំអន ពិសេសការជួយលើកកំពស់សេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំអង្ករពីកម្ពុជាចំនួន៤០ម៉ឺនតោន ក្នុងមួយឆ្នាំ២០១៩ ទៅកាន់ប្រទេសចិន ហើយចិននឹងជួយកម្ពុជាក្នុងទំហំទឹកប្រាក់ប្រមាណ៦០០លាន ដុល្លារអាមេរិក ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ និងបង្កើនភ្ញៀវទេសចរចិន មកកាន់កម្ពុជាឲ្យបាន៥លាននាក់ក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ ព្រមទាំងការពង្រឹងការអនុវត្តច្បាប់រវាងប្រទេសទាំង២ផងដែរ។
លោកឯកអគ្គរដ្ឋទូតចិនថ្មីរូបនេះ បានថ្លែងអំណរគុណចំពោះលោកស្រី ម៉ែន សំអន ដែលបានសហការជួយដល់បេសកកម្មរបស់មន្ត្រីការទូតចិន កន្លងមកឲ្យទទួលបានជោគជ័យ ហើយក៏សុំការ ណែនាំបន្តទៀតដើម្បីឲ្យបេសកកម្មការទូតរបស់លោកលើកនេះ កាន់តែល្អប្រសើរឡើងថែមទៀត។
ជាការឆ្លើយតប លោកស្រី ម៉ែន សំអន បានឯកភាព និងគាំទ្រចំពោះបេសកម្មការទូតរបស់លោក វ៉ាង វិនធាន ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ន កម្ពុជា-ចិន នៅតែជាមិត្តល្អ ពិសេសគ្រាដែលកម្ពុជា ជួបការលំបាក ចិនតែងតែជួយជ្រោមជ្រែងដល់កម្ពុជាជាបន្តបន្ទាប់ លើការអភិវឌ្ឍគ្រប់វិស័យ។
លោកស្រីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ខ្ជាប់នូវការគាំទ្រនយោបាយចិនតែមួយ និងនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ហើយពេលនេះលោកស្រី ម៉ែន សំអន សូមគាំទ្រ អនុវត្តចំពោះអនុស្សារណៈចំនួន៨ ដែលបានចុះហត្ថលេខារួចហើយ ក្រោមអធិបតីភាពប្រមុខរដ្ឋាភិបាលទាំងពីរ កាលពីដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន ព្រោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានភារកិច្ច ធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា លើការងារតាមដាន ការអនុវត្តច្បាប់ទប់ស្កាត់ អំពើពុករលួយ ភាពអយុត្តិធម៌ ក្នុងសង្គម និងការរំលោភ បំពានដោយប្រើអំណាច ដើម្បីបំរើប្រយោជន៍បុគ្គល និងបក្ខពួក និងការពារសិទ្ធរបស់ពលរដ្ឋ ពោលគឺពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ដើម្បី កំណើនការងារ សមធម៌ និងប្រសិទ្ធភាព៕