Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេមហ្វូន ទទួល​បាន​ពាន​រង្វាន់​ឈាន​មុខ​មួយ ទទួល​ស្គាល់​ជា​លក្ខណៈ​អន្ដរជាតិ!

28-01-2019 11:31

(ភ្នំពេញ)៖ ក្រុមហ៊ុនទូរស័ព្ទម៉ាកខេមហ្វូន ថ្មីៗនេះ ខេមហ្វូនទទួលបាននូវពានរង្វាន់ឈានមុខ ពីស្ថាប័នមួយ ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ នៅបរទេស ខណៈដែលក្រុមការងារ បានទៅយកពាននៅដល់ទីក្រុងម៉ាកាវ។ នេះគឺជាមោទនភាពមួយ សម្រាប់ប្រទេសកម្ពុជា ក៏ដូចជាក្រុមការងារនៃក្រុមហ៊ុនទូរស័ព្ទដៃម៉ាកខេមហ្វូនផងដែរ។

ថ្លែងក្នុងកម្មវិធីត្រឡប់មកពីទទួលពានរង្វាន់ឆ្នើមនាប្រទេសម៉ាកាវ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ លោក លន់ បូរី ជាទីព្រឹក្សាជាន់ខ្ពស់ប្រចាំក្រុមហ៊ុនខេមហ្វូន បានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្រុមហ៊ុនខេមហ្វូន ជាក្រុមហ៊ុនទូរស័ព្ទដៃដំបូងបំផុតរបស់ខ្មែរយើង ដែលទទួលបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោក ទទួលស្គាល់នៅបរទេស ខណៈស្ថាប័នដែលទទួលស្គាល់មានទីតាំងនៅប្រទេសអង់គ្លេស។

លោក លន់ បូរី បានបញ្ជាក់ថា «ក្រុមការងារគឺបានទៅយកពាន នៅទីក្រុងម៉ាកាវ ហើយក្នុងនោះនៅម៉ាកាវ យើងឃើញថា មានក្រុមហ៊ុនជាង ១០០ បានចាប់អារម្មណ៍មកលើទូរស័ព្ទ។ នេះជាឆ្នាំដំបូង និងជាឆ្នាំដ៏ល្អបំផុត សម្រាប់ក្រុមហ៊ុនខេមហ្វូន មិនមែនតែខេមហ្វូននោះទេ តែជាមោទនភាពរបស់ខ្មែរទាំងអស់។ យើងរំពឹងថាទៅឆ្នាំក្រោយៗទៀត អាចនឹងមានឱកាសទទួលស្គាល់ដល់អឺរ៉ុប អង់គ្លេស បារាំង ឬ អាចមានឱកាស ទៅដល់អាមេរិកផងដែរ»

លោក ស សុភ័ក្រ ជានាយកគ្រប់គ្រងធនធានមនុស្សនៃក្រុមហ៊ុនខេមហ្វូន បានបន្ថែមថា ខេមហ្វូនបានធ្វើការងារសង្គម ជាច្រើនជារៀងរាល់ឆ្នាំ ដោយបង្ហាញការងារសម្បុរសធម៌ តាមខេត្តផ្សេងៗ ជាពិសេស ចំពោះសិស្សក្រីក្រ។ តាមប្រព័ន្ឋអប់រំ យើងក៏បានចូលរួម ដូចជាថវិកា និងសម្ភារៈសិក្សា ដើម្បីអភិវឌ្ឍន៍សង្គម ព្រមទាំង ចុះជួយគ្រួសារក្រីក្រមួយចំនួនផងដែរ៕