(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជួយដល់អាយុជីវិតកុមារកម្ពុជា តាមវីរភាពរបស់លោកវេជ្ជបណ្ឌិត Beat Richner លោកស្រី អ៊ូ សំអាត និងលោក ហួន ម៉ាអុន ព្រមទាំងកូនចៅបាននាំយកថវិកាចំនួន១២,០៩៤ដុល្លារ ជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយទ្រទ្រង់សម្រួលដល់ ការព្យាបាលរបស់កុមារ។
ថវិកាចំនួន១២,០៩៤ដុល្លារនេះ ជាបច្ច័យបុណ្យដែលកើតចេញពីទឹកចិត្តសន្ធាជ្រះថ្លាញាតិមិត្តជិតឆ្ងាយ បានចាប់មគ្គផលខួបគម្រប់១ឆ្នាំឧបាសក អ៊ូ ស្រី កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។ ពិធីប្រគល់ និងទទួលប្រាក់មូលនិធិគន្ធបុប្ផាបានប្រព្រឹត្តទៅក្រោមវត្តមាន លោកស្រី អ៊ូ សំអាត និងលោក ហួន ម៉ាអុន ព្រមទាំងកូនចៅ តំណាងមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា លោក ដេនីស ឡូរ៉ង់ (Denis Laurent) ដែលជាប្រធាននាយកប្រតិបត្តិនៃមន្ទីរពេទ្យគន្ធបុប្ផា និងលោក លោកស្រីវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ។
សប្បុរសជនលោក ហួន ម៉ាអុន បានថ្លែងក្នុងឱកាសប្រគល់ថវិកាកាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ថា ការបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផានេះ មានគោលបំណង គឺដើម្បីជួយជាមនុស្សធម៌ជួយដល់កុមារកម្ពុជា។ លោកបានបន្ថែមថា លោកចង់ឃើញកុមារកម្ពុជាមានសុខភាពអនាគតល្អ ដើម្បីចូលរួមអភិវឌ្ឍគ្រួសារ និងសង្គមឲ្យកាន់តែរីកចម្រើនថែមទៀត។
ថ្លែងទាំងទឹកមុខញញឹមលោក បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានចិត្តជ្រះថ្លាណាស់ ដែលបានចូលរួមចំណែកជួយឧបត្ថម្ភសង្គ្រោះព្យាបាលកុមារកម្ពុជា ឲ្យជៀសផុតពីជំងឺបាន ហើយមួយវិញទៀត គឺដើម្បីចូលរួមចំណែក ក្នុងការជួយលើកស្ទួយសុខុមាភាពកុមារនៅកម្ពុជា និងជាការជួយទ្រទ្រង់មន្ទីរពេទ្យនេះ ឲ្យមាននិរន្តភាពកាន់តែយូរអង្វែងតទៅមុខទៀត»។
ទន្ទឹមនឹងនេះ លោកក៏បានសំណូមពរដល់សប្បុរសជនទាំងអស់ សូមជួយបរិច្ចាគជួយដល់មន្ទីពេទ្យគន្ធបុប្ផាទាំងអស់គ្នា ដើម្បីជួយដល់កុមារទូទាំងប្រទេស ដែលគ្មានលទ្ធភាពព្យាបាលដោយខ្លួនឯង ដែលនេះគឺជាការដ៏ល្អណាស់ ដែលបានជួយក្មេងៗ ឲ្យមានអនាគតល្អប្រសើរ។
ជាមួយគ្នានេះ លោក ដេនីស ឡូរ៉ង់ (Denis Laurent) ប្រធាននាយកប្រតិបត្តិនៃមន្ទីរពេទ្យគន្ធបុប្ផា បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកស្រី អ៊ូ សំអាត និងលោក ហួន ម៉ាអុន ព្រមទាំងកូនចៅបាននាំយកថវិកាចំនួន១២,០៩៤ដុល្លារ ជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសម្រួលដល់ ការព្យាបាលរបស់កុមារនៅកម្ពុជា។
លោក Denis Laurent បានអំពាវនាវដល់សប្បុរសជនទាំងអស់ សូមជួយបរិច្ចាគជួយដល់មន្ទីពេទ្យគន្ធបុប្ផាទាំងអស់គ្នា ដើម្បីជួយដល់កុមារទូទាំងប្រទេស ដែលគ្មានលទ្ធភាពព្យាបាលដោយខ្លួនឯង៕