(បាត់ដំបង)៖ តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងលោក ឈឺន សុផុន នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ចាប់ផ្តើមសាកសួរមេឃុំជ្រោយស្ដៅ និងសមាជិកក្រុមប្រឹក្សា២នាក់ទៀតរបស់ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង តាមពាក្យបណ្តឹងរបស់លោក ហែម សុផុន អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលធ្លាប់បានបាញ់គំរាមប្រជាជនស្លូតត្រង់ក្នុងមូលដ្ឋាន។
លោក ឈឺន សុផុន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ បានចេញដីកាកោះហៅ លោក ហ៊ីន ណាគ្រី មេឃុំជ្រោយស្តៅ, លោក ទន់ សារិត សមាជិកក្រុមប្រឹក្សាឃុំជ្រោយស្តៅ និងលោក អ៊ុត សារិន សមាជិកក្រុមប្រឹក្សាឃុំជ្រោយស្តៅ ឲ្យចូលខ្លួនទៅបំភ្លឺនៅសាលាដំបូងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ តាមពាក្យបណ្ដឹងរបស់អតីតមេប៉ុស្តិ៍ជ្រោយស្តៅ ឈ្មោះ ហែម សុផុន។
យ៉ាងណាក៏ដោយ ជុំវិញបណ្ដឹងនេះ ប្រជាពលរដ្ឋមូលដ្ឋានហាក់មិនពេញចិត្តនោះទេ ដោយពួកគាត់អះអាងថា ឈ្មោះ ហែម សុផុន ជាមន្ដ្រីមិនគោរពច្បាប់បាញ់បោះសេរី គំរាមកំហែង ប្រជាជនតាមតែអំពើចិត្ត ហើយបែរជាប្ដឹងមេឃុំ និងក្រុមប្រឹក្សាឃុំទៅវិញ។ បន្ថែមពីនេះប្រជាពលរដ្ឋសូមស្នើសុំ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យលើការងារនេះផង ព្រោះអតីតមេប៉ុស្ដិ៍រូបនេះ ធ្លាប់បាញ់បោះផ្អើលពេញខេត្តបាត់ដំបង។
ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅមូលដ្ឋានឃុំជ្រោយស្តៅ ក៏បានឲ្យដឹងផងដែរថា លោក ថាច់ សុខា ជានាយរងប៉ុស្តិ៍ជ្រោយស្តៅ ដែលបានធ្វើកំណត់ហេតុ បានបញ្ជាក់ការពិ ពីអំពើបាញ់បោះ របស់លោក ហែម សុផុន ទៅស្នងការនគរបាលខេត្តបាត់ដំបង និងករណីគំរាមកំហែង។ យ៉ាងណាក៏ដោយ អតីតនាយនគរបាលប៉ុស្តិ៍រូបនេះ ក៏ត្រូវថ្នាក់លើកចេញលិខិតផ្អាក លិខិតបណ្តោះអាសន្នផងដែរ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ សៅ សាម៉ុន ស្នងការរងទទួលបន្ទុកបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញលិខិតបង្គាប់ការ មួយសន្លឹកសម្រេចផ្អាកការងាររបស់លោក ហែម សុផុន ដែលជានាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជ្រោយស្តៅ ជាបណ្តោះអាសន្ន ដោយសារតែបានប្រព្រឹត្តខុសពីវិន័យកងកម្លាំងនគរបាលជាតិ គឺផ្ទុះអាវុធដោយគ្មានការអនុញ្ញាត។
បើយោងតាមលិខិតមួយច្បាប់ខាងលើនេះ បានបញ្ជាក់ជូនសាធារណៈជនយ៉ាងច្បាស់ថា លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជ្រោយស្តៅ ពិតជាបានប្រព្រឹត្តកំហុសប្រាកដមែន។ ប៉ុន្ដែទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ធ្លាប់បានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានថា លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជ្រោយស្តៅ មិនបានផ្ទុះអាវុធអ្វីទេ គឺកាំភ្លើងរបស់លោកនាយកប៉ុស្តិ៍រាលកៃតែប៉ុណ្ណោះ។
ពាក់ព័ន្ធករណីលោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋាលនគរបាលឃុំជ្រោយស្តៅ បាញ់បោះសេរីត្រូវលោក ថាច់ សុខា ជានាយរងប៉ុស្តិ៍ធ្វើកំណត់ហេតុកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ ដោយបញ្ជាក់ថា៖
*កាលពីវេលាម៉ោង១០៖១០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ លោក ហែម សុផុន បានប្រើប្រាស់កាំភ្លើងខ្លីផ្ទាល់ខ្លួនបាញ់គំរាមប្រពន្ធឈ្មោះ សឿន វណ្ណនី ចំនួន ០៣គ្រាប់ តែពុំត្រូវ។
*កាលពីវេលាម៉ោង០៨យប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ហែម សុផុន ផឹកស៊ីស្រវឹងខឹងប្រពន្ធ ជិះរថយន្តទៅឈប់មុខផ្ទះឈ្មោះ ចាន់ ហម ឈប់កាក់ឡានតាក់ស៊ី ដោយដកកាំភ្លើងខ្លី១ដើម និងកាំភ្លើង AK ១ដើម បំរ៉ុងបាញ់ តែត្រូវពលរដ្ឋឃាត់ទាន់។
*កាលពីវេលាម៉ោង៦៖៤០នាទីយប់ ក្នុងឆ្នាំ២០១៧ លោក ហែម សុផុន បន្ទាប់ពីផឹកស្រវឹងជាមួយស្មៀនឃុំ ជ្រោយស្តៅ បានដកកាំភ្លើងខ្លីម៉ាកK៥៩ គំរាមបាញ់តៃកុងឡានតាក់ស៊ី។
ទោះជាយ៉ាងណា កំណត់ហេតុរបស់លោក ថាច់ សុខា ជានាយរងប៉ុស្តិ៍ មិនបាននិយាយអំពីការផ្ទុះអាវុធ របស់លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជ្រោយស្តៅ កាលពីវេលាម៉ោង០៨៖១៨នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលោក ហ៊ីន ណាគ្រី មេឃុំជ្រោយស្តៅ ស្ថិតនៅក្នុងភូមិជ្រោយស្តៅ ឃុំជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបងនោះទេ។
ជាមួយគ្នានេះ លោក ហ៊ីន ណាគ្រី មេឃុំជ្រោយស្តៅ បានបញ្ជាក់បន្ថែមថា ពលរដ្ឋចង់ឃើញការអនុវត្តច្បាប់លើលោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជ្រោយស្តៅ ឲ្យបានម៉ឺងម៉ាត់ ហើយអំពើបាញ់បោះសេរីរបស់លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជ្រោយស្តៅ ត្រូវពលរដ្ឋក្នុងមូលដ្ឋានបានដឹង បានឮតាំងពីលោកមិនទាន់មកកាន់តំណែងជាមេឃុំ តែមិនមានអ្នកណាអាចចាត់ការលោកនាយប៉ុស្តិ៍ ដែលចូលចិត្តបាញ់នេះបានដែរ ប៉ុន្តែនៅពេលលោកឡើងជាមេឃុំ លោកត្រូវតែអនុវត្តឲ្យបាននៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
បន្ទាប់ឡើងកាន់តំណែងជាមេឃុំ ជ្រោយស្តៅ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ លោកបានខិតខំលុបបំបាត់រាល់អំពើអសកម្មរបស់មន្ត្រីក្រោមឱវាទរបស់លោក ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឲ្យបានល្អប្រសើរ។ ផ្ទុយទៅវិញ លោក ហែម សុផុន នាយប៉ុស្តិ៍រដ្ឋាលនគរបាលឃុំជ្រោយស្តៅ បែរជាឲ្យមន្ត្រីថ្នាក់ក្រោម មកចរចាសុំលោកជាមេឃុំ បើកបនល្បែងបញ្ជល់មាន់ ដែលជាអំពើដែលច្បាប់ហាម ដូច្នេះលោកមិនអនុញ្ញាតឡើយ។
យ៉ាងណាក៏ដោយ សម្រាប់ពាក្យបណ្ដឹងរបស់លោក ហែម សុផុន ដែលបានប្ដឹងលោកមេឃុំ និងសមាជិកក្រុមប្រឹក្សារូប២ទៀតនោះ គេមិនទាន់ដឹងថា ប្ដឹងពីបទអ្វីនោះទេ គ្រាន់តែតំណាងអយ្យការឲ្យចូលទៅបភ្លឺ ដើម្បីស្ដាប់ចម្លើយពីដំណើររឿងឈ្មោះ ហែម សុផុន ប្ដឹងប៉ុណ្ណោះ៕