Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តបាត់ដំបង ចេញដីកាបញ្ជាឲ្យចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធបោកលុយពូរបស់ខ្លួន២៤ម៉ឺនដុល្លារ

28-01-2019 10:31

(បាត់ដំបង)៖ កម្លាំងការិយាល័យជំនាញ នៃស្នងការនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធបោកលុយពូរបស់ខ្លួន ២៤ម៉ឺនដុល្លារ ព្រមទាំងគ្រឿងអលង្ការមួយចំនួនទៀតកាលពីឆ្នាំ២០១៧កន្លងទៅ។

ការចាប់ខ្លួនជននេះ បានធ្វើឡើងតាមដីការបស់លោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង តបតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ក្នុងសំណុំរឿងឆបោកប្រាក់២៤ម៉ឺនដុល្លារ ព្រមទាំងគ្រឿងអលង្ការមួយចំនួនទៀត កាលពីអំឡុង ខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ក្នុងខេត្តបាត់ដំបង។

មន្រ្តីនគរបាលខេត្តបាត់ដំបង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះថា ជនរងគ្រោះមានឈ្មោះ ចាង គឹមនី ជាជនចាស់ជរា និងមានជម្ងឺរ៉ាំរ៉ៃ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ចំណែកឯជនសង្ស័យឈ្មោះ មិច គំនិត រស់នៅខេត្តបន្ទាយមានជ័យជាមួយគ្នា ត្រូវជាក្មួយរបស់ជនរងគ្រោះ។

ក្រុមគ្រួសារជនរងគ្រោះ ក៏បានឱ្យដឹងថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៧ ជនជាប់ចោទជាមួយដៃគូម្នាក់ទៀត បានរៀបគម្រោងប្រើឧបាយកលបោកប្រាស់ យកប្រាក់ពីជនរងគ្រោះ តាមដំណាក់កាល។

*លើកទី១ យកអស់ទឹកប្រាក់១៥ម៉ឺនដុល្លារ ក្នុងគោលបំណងធ្វើតាមអបិយជំនឿយកទៅធ្វើរូបសំណាក ធ្វើអំពីមាសនៅភ្នំគូលែន និងទិញព្រលឹងជីវិតពីប្រទេសឥណ្ឌា ដើម្បីរំដោះគ្រោះ កាចឲ្យឆាប់ជាពីជម្ងឺរ៉ាំរ៉ៃ ជាច្រើនឆ្នាំមកហើយ។

*លើកទី២ បានល្បួងអ្នកជម្ងឺជាជនរងគ្រោះនូវទឹកប្រាក់ចំនួន៩ម៉ឺនដុល្លារ ព្រមទាំងគ្រឿងអលង្ការមួយចំនួនបន្ថែមទៀត ដើម្បីដាក់តម្កល់នៅលើអសនៈ ក្រោមរូបភាពធ្វើកិច្ចឲ្យបានឆាប់ជាសះស្បើយ ចុងក្រោយជនសង្ស័យក៏យកប្រាក់ និងគ្រឿងអលង្ការទាំងអស់ទៅបាត់តែម្តង។

ក្រោយមានរឿងនេះកើតឡើង ជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ រហូតតាមចាប់ខ្លួនជនឆបោកនេះតែម្តង។ ក្រោយការចាប់ខ្លួន ជនសង្ស័យ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការផ្តន្ទាទោសតាមផ្លូវច្បាប់៕