(ភ្នំពេញ)៖ បន្ទាប់ពីមានការសហការគ្នា រវាងមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យជំនាញពីប្រទេសកូរ៉េ បានធ្វើការវះកាត់ អ្នកជំងឺគ-ថ្លង់ចំនួន៥នាក់ ដែលប្រើប្រាស់ជាមួយម៉ាស៊ីនទំនើប របស់ប្រទេសអូទ្រីស ទទួលបានជោគជ័យ១០០% កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅនេះ ហើយបើគិតមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ កុមារទំាងនេះ អាចស្ដាប់ និងនិយាយបានយ៉ាងឆាប់រហ័សមុនកាលកំណត់ទៅទៀត ។

លោកវេជ្ជបណ្ឌិត ថុង ម៉េងឡុង នាយករងមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា មន្ទីរពេទ្យព្រះអង្គឌួង មានម៉ាស៊ីន និងទទួលការវះកាត់ជំងឺ គ-ថ្លង់មុនគេនៅកម្ពុជា ហើយយើងក៏បានទទួលការវះកាត់កុមារកម្ពុជាយើង ចំនួន៥នាក់រួចមកហើយ តាំងពីខែតុលា ឆ្នាំ២០១៨កន្លងទៅ ហើយយើងក៏ទទួលបានជោគជ័យ១០០%ដែរ ពេលនេះពួកគាត់អាចស្ដាប់ និងនិយាយបានច្រើនណាស់» ។

ជាងនេះទៅទៀត លោកវេជ្ជបណ្ឌិត បន្ដថា «នៅថ្ងៃនេះ យើងក៏មាននៅម៉ាស៊ីនទំនើបមួយទៀត គឺ OAE: Oto Acoustic Emission សម្រាប់ធ្វើតេស្ដ លើក្មេងទើបនឹងកើត ដើម្បីដឹងថា តើកុមារនោះ មានសញ្ញាឬ បញ្ហាវិញ» ។ជាក់ស្ដែងនៅថ្ងៃទី២៧មករានេះ ក៏បានទទួលវះកាត់កុមារបន្ថយទៀតដែរ ដូចនេះ កុមារដែលមានបញ្ហាគ-ថ្លង់ ឪពុកម្ដាយលែងបារម្ដទៀតហើយ ។

លោកវេជ្ជបណ្ឌិតបន្ដទៀតថា កុមារដែលមានជំងឺគ-ថ្លង់ អាចបង្រៀនឆាប់ចេះនិយាយ ជាងមនុស្សចាស់ ដោយសារតែកុមារងាយស្រួលហាត់ពុតសំលេង ផ្ទុយពីមនុស្សចាស់ ដែលមានជំងឺគ-ថ្លង់ ត្រូវការពេលវេលាយូរជាងបន្ដិចក្នុងការហាត់ពុតអណ្តាត។

លោកស្រី សេន ស្រីមាន ដែលរស់នៅខេត្ដបន្ទាយមានជ័យ ដែលបានយកកូនរបស់ខ្លួន មកទទួលការវះកាត់ កាលនៅថ្ងៃទី១៦-១៧ ខែតុលាឆ្នាំ២០១៨កន្លងទៅ បានថ្លែងឲ្យដឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះថា «កូនរបស់ខ្ញុំឈ្មោះ ស៊ាង លីស៊ីង មកទទួលការវះកាត់ ដោយឥតគិតថ្លៃពី មន្ទីរពេទ្យព្រះអង្គឌួង ក្នុងចំណោមកុមារបួននាក់ទៀតដែរ ត្រូវធ្វើការវះកាត់ក្នុងពេលដំណាលគ្នានោះ ។មុនដំបូងខ្ញុំមានអារម្មណ៍ភ័យខ្លាចផង និងហើយអរផងដែរ ដោយដឹងថា កូននឹងអាចមានលទ្ធផលល្អ ដូចគ្រូពេទ្យប្រាប់» ។

ជាងនេះទៅទៀត លោកស្រីបន្ដថា​ ទីបំផុត ការវះកាត់ក៏ទទួលបានជោគជ័យ១០០% ហើយកូនខ្ញុំ ត្រូវសម្រាកពេទ្យ ក្នុងរយៈពេលជិត១០ថ្ងៃ ទើបចេញត្រលប់ទៅផ្ទះវិញ ។ក្រោមពីការវះកាត់ ពីមួយថ្ងៃទៅមួយថ្ងៃ កូនខ្ញុំអាចស្ដាប់ខ្ញុំលឺ ហើយស្ដាប់មាត់ខ្ញុំនិយាយអាចនិយាយតាមខ្ញុំបាន គ្រាន់តែមិនសូវច្បាស់ ។តែក្នុងរយៈពេលជិត៣ខែនេះ កូនខ្ញុំអាចស្ដាប់ខ្ញុំបាន និយាយបានដូចក្មេងទូទៅបានហើយ តែដោយក្នុងរយៈពេលខ្លីពេកពាក្យខ្លះ គាត់មិនទាន់និយាយបានច្បាស់នៅឡើយទេ ។

លើសពីនោះ លោកស្រីបន្ដថា «ខ្ញុំសប្បាយចិត្ដ ដោយឃើញកូន ស្ដាប់ និងនិយាយនេះ ទោះមិនទាន់ចេះពាក្យច្រើនក៏ដោយ ព្រោះនៅអំឡុងពេលដ៏ខ្លី ។អ្វីដែលខ្ញុំរំពឹងទុក នឹងជិតបានសម្រេចហើយ ដោយក្នុងរយៈពេល១ឆ្នាំយ៉ាងយូរបំផុត ដែលលោកគ្រូពេទ្យកំណត់ថា នឹងអាចនិយាយបានយ៉ាងល្អដូចក្មេងទូទៅ ហើយខ្ញុំក៏អាចឲ្យកូនទៅរៀនបានដែរ»

លោកស្រីបន្ដថា លោកស្រីសូមថ្លែងយ៉ាងខ្លាំង ដល់លោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង និងដៃគូសហការខាងប្រទេសកូរ៉េ ដែលបានព្យាបាលកូនប្រុសគាត់ អាចស្ដាប់ និងនិយាយដូចក្មេងដទៃធម្មតាបាន ។

ទន្ទឹមនឹងនោះ លោកស្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ញាតិមានជំងឺគ -ថ្លង់ ត្រូវមកកាន់មន្ទីរពេទ្យព្រះអង្គឌួង ដើម្បីធ្វើការវះកាត់ឲ្យស្ដាប់ និងនិយាយបាន ដូចមនុស្សទូទៅ ក្នុងរយៈពេលខ្លី និងទទួលជោគជ័យ១០០% ។នេះជាឱកាសនៃក្ដីសង្ឃឹមរបស់គ្រួសារ និងអ្នកជំងឺផ្ទាល់ ។

នេះក៏ជាសេចក្ដីសប្បាយរីករាយ របស់ក្រុមគ្រូពេទ្យកម្ពុជា ដែលបានខិតខំ និងទទួលបានជោគជ័យក្នុងការជួយព្យាបាលប្រជាពលរដ្ឋយើង បានស្គាល់រសជាតិជីវិតថ្មីមួយផងដែរ ៕