(ភ្នំពេញ)៖ កងទ័ពជើងគោកបានប្រកាសយ៉ាងម៉ឹងម៉ាត់គោរព និងអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកម្ទេចចោលរាល់សកម្មភាពបដិវត្តពណ៌ ដែលឈានទៅបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
ការចេញមកបង្ហាញជំហរកម្ទេចសកម្មភាពបដិវត្តបានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៉ី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់កុំស្តាប់តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន និងកុំបង្ក្រាបលើប្រជាពលរដ្ឋ បើមានការប្រមូលផ្តុំចាំស្វាគមន៍ដំណើររបស់លោកត្រឡប់ចូលមកប្រទេសកម្ពុជា។
ឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរងកងទ័ពជើងគោក នាយសេនាធិការតំណាងនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានកងទ័ពជើងគោក កងទ័ពជើងគោក បានចាត់ទុកការអំពាវនាមានចរិតញុះញង់ និងប្រកាសកម្ទេចចោលជនក្បត់ជាតិ ដែលប៉ុនប៉ងបង្កើតបដិវត្តពណ៌នេះ។
ក្នុងសេចក្តីថ្លែងការណ៍ថ្កោលទោសដែល Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ កងទ័ពជើងគោក បានប្រកាសប្តេជ្ញាចិត្តយ៉ាងដូច្នេះ «យើងទាំងអស់គ្នា សូមប្តេជ្ញាគោរពដាច់ខាតនូវបទបញ្ជារបស់ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ នឹងអនុវត្តយ៉ាងម៉ឺងមាត់ដាច់ខាត អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ដែលថ្លែងនាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ដើម្បីវាយកម្ទេចជនក្បត់ជាតិដែលប៉ុនប៉ងបង្កើតបដិវត្តពណ៌សម្តៅបំផ្លិចបំផ្លាញ សុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា»។
ក្នុងសេចក្តីថ្លែងការណ៍បន្តថា «ក្នុងនាមយើងខ្ញុំជាថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងទ័ពជើងគោក សូមធ្វើការអំពាវនាវដលនាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក សូមកុំជឿតាមការអំពាវនាវដែលមានចរិតញុះញងរបស់ទណ្ឌិត សម រង្សី។ យើងសូមប្រកាសជាឱឡារិកថា រាល់គ្រប់សកម្មភាពស្ថិតក្នុងរូបភាពណាដែលជាការគាំទ្រ តាមការអំពាវនាវរបស់ ទណ្ឌិត សម រង្សី នោះគឺជាអំពើខុសច្បាប់នៃព្រះជាណាចក្រកម្ពុជា»។
ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ក៏បានប្រកាសប្តេជ្ញាចិត្តខ្ពស់បង្ក្រាប និងកម្ទេចដាច់ខាតរាល់ទង្វើរបំផ្លាញសន្តិភាព និងការអភិវឌ្ឍរបស់សង្គមជាតិការពារដាច់ខាត សន្តិភាព ស្ថេរភាព និង សន្តិសុខ សណ្តាប់ធ្នាប់សង្គមដើម្បីភាពសុខសាន្តរបស់ជាតិកម្ពុជា។
សូមរំលឹកថា ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតទីបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសឲ្យកងទ័ពអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនក្នុងការការពារនូវសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយត្រូវរួមគ្នាទប់ទល់ជាមួយ សកម្មភាពទាំងឡាយដែលប៉ុនប៉ង ធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាកងទ័ពទាំងអស់ឲ្យអនុវត្តន៍វិធានការ កម្ទេចជនបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់រង់ចាំបទបញ្ជានោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនខ្លាចនឹងចាត់វិធានការចំពោះជនមួយក្តាប់តូច ដើម្បីរក្សានូវសេចក្តីសុខ របស់ប្រជាពលរដ្ឋទូទាំងប្រទេសនោះឡើយ៕