Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមគ្រួសារកំពុងធ្វើបុណ្យតាមប្រពៃណី ក្រោយសព ខេមរៈ ស្រីពៅ បានមកដល់គេហដ្ឋាន ខណៈនៅរសៀលនេះ នឹងត្រូវបូជានៅវត្តសំរោងអណ្តែត​ (Video inside)

28-01-2019 09:22

(ភ្នំពេញ)៖ ពិតជា​រន្ធត់​ចិត្តជា​ខ្លាំង​ ក្រោយ​សាកសព​របស់​តារាចម្រៀង​ កញ្ញា​ ខេមរៈ​ ស្រីពៅ​ បានដង្ហែរចេញពី​មន្ទីរ​ពេទ្យ​ប្រទេស​ឥណ្ឌា​ មកដល់​ប្រទេស​កម្ពុជា​វិញ​ កាលពីព្រលប់ ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៩ ដោយមានក្រុម​គ្រួសារសាច់ញាតិ​​នៃសព​ ក៏ដូចជា​មិត្ត​រួម​អាជីព​ក្នុង​សិល្បៈ​មួយ​ចំនួន​ និង​សម្តេច​សង្ឃ​ជាច្រើន​អង្គ ​បាននិមន្តអមដំណើរក្នុង​ពិធី​នេះ​។ បច្ចុប្បន្នក្រុមគ្រួសាររបស់ ខេមរៈ ស្រីពៅ មានដូចជា លោក ខេមរៈ ភារុណ, លោក ខេមរៈ សិរីមន្ត ព្រមទាំងក្រុមគ្រួសារ កំពុងធ្វើបុណ្យតាមប្រពៃណី ខណៈសាកសពនឹងត្រូវដឹកទៅបូជានៅវត្តសំរោងអណ្តែត នៅរសៀលនេះ។

អ្វីដែលគួរឲ្យតក់ស្លុតបំផុតនោះ គឺបន្ទាប់ពីសាកសពប្អូនស្រី មកដល់អាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ គេឃើញថា លោក ខេមរៈ សិរីមន្ត ហាក់ទន់អស់ពេញខ្លួនប្រាណ ដោយមានអ្នកចាំឈរទប់ពីក្រោយជាប់រហូត ព្រោះមើលទៅលោកក្តុកក្តួលអួលដើមក ខ្ទប់មុខយំមិនចេញ។ ជាមួយគ្នានេះ ក្រោយសាកសពរបស់ ខេមរៈ ស្រីពៅ បានដឹកមកដល់គេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយនោះ គឺឃើញមាន មហាជន និងសិល្បៈជាច្រើន ទៅដល់ទីនោះភ្លាម មានដូចជា លោក ហេង ឡុង, ចន ច័ន្ទលក្ខណា, កញ្ញា សុខ ពីសី, អ្នកនាង ពេជ្រ សោភា ព្រមទាំងតារាប្រុសស្រីជាច្រើនទៀត ដោយម្នាក់សុទ្ធតែរន្ធត់ចិត្ត និងបង្ហាញពីការស្តាយស្រណោះ ខេមរៈ ស្រីពៅ គ្រប់គ្នា។

គួរជម្រាប់ថា ក្រោយពីសាកសពមកដល់គេហដ្ឋាន កាលពីយប់មិញ ពេលនេះក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត កំពុងធ្វើបុណ្យតាមប្រពៃណី ហើយបើតាមការបញ្ជាក់ពីលោក ខេមរៈ សិរីមន្ត តាមរយៈ Comment លើវីដេអូ បានឱ្យដឹងថា សពរបស់ប្អូនស្រីលោក នឹងដង្ហែរទៅបូជានៅវត្តសំរោងអណ្តែត នៅរសៀលម៉ោង ១ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៩ នេះ ៕