ប្រជាពលរដ្ឋស្រុកអូរាំងឪស្នើសមត្ថកិច្ចជួយអន្តរាគមន៍ ក្រោយគោត្រូវចោរលួចជាបន្តបន្ទាប់
28-01-2019 09:13
(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋក្នុងឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានអំពាវនាវដល់សមត្ថកិច្ចខេត្តត្បូងឃ្មុំ ឲ្យជួយអន្តរាគមន៍ជួយទប់ស្កាត់សកម្មភាពចោរកម្ម បន្ទាប់ពីគោរបស់ពួកគាត់ត្រូវបានចោរលួចជាបន្តបន្ទាប់។
ប្រជាពលរដ្ឋរស់នៅភូមិខ្ទមលាវ បានទូរស័ព្ទប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះថា កាលពីថ្ងៃទី២៧ ខែមករា ម្សិលមិញ ប្រជាពលរដ្ឋនៅក្នុងភូមិខ្ទមលាវ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានបាត់គោជិត១០ក្បាល។ ប្រជាពលរដ្ឋជាម្ចាស់គោដែលបាននោះមានឈ្មោះ គុណ ហ៊ាន, ផេង ធួង និងថា អូន។
ប្រជាពលរដ្ឋដែលទូរស័ព្ទប្រាប់អង្គភាពព័ត៌មាន Fresh News បានអះអាងថា គោដែលបាត់នេះ គឺត្រូវចោរលួច ដោយសារកន្លងមកមានក្រុមចោរ បានចូលមកលួចដឹកគោរបស់ប្រជាពលរដ្ឋបែបនេះផងដែរ។
បងប្អូនប្រជាពលរដ្ឋ បានទទូចដល់សមត្ថកិច្ច ជួយតាមស្ទាក់រកគោដែលបានបាត់នេះ ហើយក៏បានអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការទប់ស្កាត់អំពើចោរកម្មនេះផងដែរ៕
គោរបស់ប្រជាពលរដ្ឋ (រូបតំណាង)