(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព រួមទាំងកងទ័ពមួយខៀវរបស់កម្ពុជាទាំងអស់ ប្រកាសប្រឆាំងយ៉ាងដាច់ខាត និងថ្កោលទោសដាច់អហង្ការ ចំពោះទង្វើដ៏ថោកទាប ក្បត់ជាតិ និងក្បត់ប្រជាជនរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រកាសញុះញុងឲ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រសូត្រចេញពីការបោះឆ្នោត ពីសំណាក់ប្រជាជនស្ទើរពេញប្រទេស។
ការប្រកាសប្រឆាំងដាច់ខាតនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ កុំឲ្យស្តាប់បញ្ជានាយករដ្ឋមន្ត្រី និងបានចោទប្រកាន់មកលើសម្តេចតេជោថា ជាចោរប្លន់អំណាចពីប្រជារាស្ត្រ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅក្នុងហ្វេសប៊ុក។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសំដីរបស់ទណ្ឌិត សម រង្ស៊ី ដែលប្រកាសអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់សម្តេចតេជោហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា «យើងខ្ញុំសូមប្តេជ្ញារក្សាការពារឲ្យខាងតែបាន នូវបូរណភាពដែនដី សុខសន្តិភាព ជូនប្រទេសកម្ពុជា និងប្រជាពលរដ្ឋទោះក្នុងតម្លៃណាក៏ដោយ។ យើងខ្ញុំសូមគាំទ្រប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនប្រទេសកម្ពុជា លើគ្រប់វិស័យ»៕