(កំពង់ធំ)៖ បន្ទាប់ពីចេញខេត្តសៀមរាប លោក វេង សាខុន រដ្ឋមន្ដ្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ បានបន្តដំណើរមកខេត្តកំពង់ធំ ដើម្បីចុះមកពិនិត្យសកម្មភាព ប្រមូលផលស្រូវប្រាំង របស់ប្រជាកសិករនៅភូមិកោះគ្រាប់បាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម ខេត្តកំពង់ធំ បានឲ្យដឹងថា ជាទូទាំងខេត្តកំពង់ធំ មានផ្ទៃដីដំដុះស្រូវប្រាំងជាង៦ម៉ឺនហិកតា ហើយមកទល់ពេលបច្ចុប្បន្ននេះ ការប្រមូលផល បានជាង៤ពាន់ហិកតាហើយ រីឯទិន្នផលទទួល បានជាមធ្យម ប្រមាណជា៤ ទៅ៤.៥តោន ក្នុង១ហិកតា។ សម្រាប់ថ្ងៃនេះ ស្រូវចំណីមានតម្លៃ៦៩០រៀល ក្នុងមួយគីឡូក្រាម ដោយឡែកស្រូវក្រអូបកសិករ ដែលបានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុន AMRU RICE ទិញក្នុងតម្លៃ ១,១៥០រៀល ក្នុងមួយគីឡូក្រាម។
កសិករម្ចាស់ស្រែ បានឲ្យដឹងថា នៅតំបន់នេះ ជាទូទៅកសិករបានប្រើពូជ IR៥១ និង IR ៥៤ ហើយនិងពូជស្រូវក្រអូប (ផ្ការំដួល និងសែនពិដោរ) ទន្ទឹមនឹងនេះ ពួកគាត់អាចធ្វើស្រែប្រាំងបាន ២ដងក្នុងមួយរដូវ ដោយសារ មានប្រព័ន្ធប្រឡាយ ដែលបានកសាងឡើងដោយ គម្រោងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលអូស្រ្តាលី និងប្រព័ន្ធប្រឡាយរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកឯកជន ដែលគេគិត ក្នុង១ហិកតា ១០៥ដុល្លារ គឺចាប់ពីពេលព្រោះ ដល់ពេលប្រមូលផល។
កសិករ បានបន្ដទៀតថា ទីផ្សារស្រូវចំណីភាគច្រើន គឺឈ្មួញបាននាំចេញទៅប្រទេសវៀតណាម និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយឡែកស្រូវក្រអូប ក្រុមហ៊ុនក្នុងស្រុកធ្វើកិច្ចសន្យាទទួលទិញ កែច្នៃនាំចេញទៅកាន់ ទីផ្សារអន្តរជាតិ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានណែនាំឲ្យពួកគាត់រៀបចំចងក្រង ជាសហគមន៍ផលិតទាំងស្រូវចំណី និងស្រូវពូជ រួចសហការផលិតជាមួយដៃគូឯកជន តាមរយៈការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យាប្រយោជន៍ ដើម្បីធានាតម្លៃបរិមាណផ្គត់ផ្គង់ ផលិតពូជសុទ្ធល្អ អង្ករមានគុណភាព និងគួរប្រើប្រាស់ពូជណាដែលទីផ្សារត្រូវការ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានបញ្ជាឲ្យអគ្គនាយកដ្ឋានកសិកម្ម ជាពិសេសនាយកដ្ឋានដំណាំស្រូវ សហការជាមួយមន្ទីរចុះមកសិក្សា ពីតម្រូវការពូជ លក្ខខ័ណ្ឌក្សេត្របរិស្ថាន នៃដំណាំស្រូវនៅតំបន់នេះ តើអំណោយផលសម្រាប់ពូជអ្វី ដែលផ្តល់ទិន្នផលខ្ពស់ គុណភាពអង្ករល្អ ធន់នឹងជំងឺ និងការប្រែប្រួលអាកាសធាតុ ហើយនិងឆ្លើយតបទៅនឹងតម្រូវការទីផ្សារខ្ពស់។
លោកបន្ដទៀតថា ចំពោះសត្វចង្រៃ និងជំងឺ នាយកដ្ឋានការពារដំណាំ ត្រវសហការជាមួយមន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងម្ចាស់ស្រែ ចុះមកសិក្សា ស្រាវជ្រាវ ដើម្បីដាក់ចេញវិធានការកំចាត់ និងការពារដំណាំស្រូវ ឲ្យបានទាន់ពេលវេលា រួមទាំងតាមដានត្រួតពិនិត្យមើលគុណភាព និងប្រសិទ្ធភាពនៃថ្នាំ និងជីដែលកសិករបាន និងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ៕