(ភ្នំពេញ)៖ លោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះឲ្យដឹងថា លោកសូមប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនី Facebook ឈ្មោះ «រតនះ កូនពៅ» ប្រសិនបើការស្រាវជ្រាវបានរកឃើញក្នុងពេលឆាប់ៗនេះ ថាជាអ្នកណាឲ្យប្រាកដ។
ការប្រកាសចាត់វិធានការបែបនេះ របស់លោក ជា ពិសី ត្រូវបានធ្វើឡើងក្រោយពីម្ចាស់គណនី Account Facebook «រតនះ កូនពៅ» បានយករូបភាពលោក និងភរិយា លោកស្រី អាន ផល្លា ជា ពិសី ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ ទៅកាត់ត Post លើបណ្ដាញសង្គម ក្នុងបំណងទុច្ចរិត ដែលបណ្ដាលឲ្យប៉ះពាល់ដល់កិត្តិយស។
លើសពីនេះ លោក ជា ពិសី ក៏បានប្រកាសបដិសេធ និងមិនទទួលស្គាល់ដាច់ខាត រាល់ការសរសេរជាសារផ្សេងៗ ឬយកកម្រងរូបភាពទាំងឡាយណា របស់លោក និងភរិយា ពិសេសរូបភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវបានយកទៅកាត់តបង្ហោះលើបណ្ដាញសង្គម ដោយគណនី Facebook «រតនះ កូនពៅ» មួយនេះ ៕