(សៀមរាប)៖ លោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ នៃសាធារណៈប្រជាមានិតចិន បានមកដល់ក្រុងសៀមរាប-អង្គរ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក នៅកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣១ ខែមករា ឆ្នាំ២០១៩។
ការអញ្ជើញមកដល់ព្រលានយន្ដហោះអន្តរជាតិសៀមរាប មានការទទួលស្វាគមន៍ពីលោក ហោ មុន្នីរ័ត្ន រដ្ឋលេខាក្រសួងទេសចរណ៍, អាជ្ញាធរខេត្តសៀមរាប, និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនេះ លោកនឹងចូលរួមអបអរសាទរ ទិវាឆ្នាំទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជាដំបូង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។ បើតាមគម្រោងសម្រាប់ដំណើរទស្សនៈកិច្ចនៅសៀមរាប លោកនឹងទស្សនាប្រាសាទអង្គរវត្ត, ប្រាសាទបាយ័ន, ប្រសាទតាព្រហ្ម, ប្រាសាទតាកែវ, ប្រាសាទចៅសាយទេវតា, ប្រាសាទបន្ទាយស្រី និងប្រាសាទមួយចំនួនទៀត នៃតំបន់រមណីយដ្ឋានអង្គរផងដែរ ទើបបន្ដទស្សនាសារៈមន្ទីរជាតិ និងគ្រោងជួបថ្នាក់ដឹកនាំខេត្តសៀមរាប។
នៅព្រឹកថ្ងៃទី២៩ ខែមករា លោករដ្ឋមន្ដ្រី នឹងធ្វើដំណើរទៅរាជធានីភ្នំពេញ ហើយនៅពេលរសៀល លោកនឹងជួបលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លុះនៅព្រឹកថ្ងៃទី៣០ លោកនឹងជួបសវនាការជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅវិមានសន្ដិភាព។ បន្ទាប់មកលោកនឹងជួបលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ដោយឡែក នៅរសៀលថ្ងៃដដែលនោះ លោកនឹងចូលរួមអបអរសាទរ ទិវាឆ្នាំទេសចរណ៍ និងវប្បធម៌ ចិន-កម្ពុជា ដំបូង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅសាលមហោស្រពចតុមុខ៕