(ភ្នំពេញ)៖ បុគ្គលិកធនាគារ អេស៊ីលី ភីអិលស៊ី ការិយាល័យកណ្តាល និងសាខាក្នុងរង្វង់រាជធានីភ្នំពេញ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជួយសង្គ្រោះដល់ជីវិតអ្នកដែលត្រូវការឈាមជាចាំបាច់ ។
ការបរិច្ឆាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដែលមានការចូលរួមជាច្រើននាក់ ។
លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច នៃធនាគារ អេស៊ីលីដា បានថ្លែងថា ការបរិច្ឆាគឈាមនេះ គឺជាការចូលរួមដោយស្ម័គ្រចិត្ត ពីកម្មករនិយោជិកប្រមាណជាង ២១៨នាក់ របស់ធនាគារអេស៊ីលីដា ក្នុងការិយាល័យជុំវិញរាជធានីភ្នំពេញ។
លោកបន្ដថា «យើងមានមោទនភាព ដែលឃើញកម្មករនិយោជិកចូលរួមគាំទ្រការងារសង្គម នឹងជួយសម្រាលបន្ទុកអ្នកដែលត្រូវការឈាម នៅពេលដែលចាំបាច់។ ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណយ៉ាងក្រៃលែង ពីទឹកចិត្តដល់ស្មោះសរ កម្មករនិយោជិកទាំងអស់ របស់ធនាគារអេស៊ីលីដា»។
មជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា ក៏បានសំដែងនូវការអរគុណ ដល់បុក្គលិកនិយោជិករបស់ធនាគារអេស៊ីលីដាទូទាំងប្រទេស ដែលបានចូលរួមស្ម័គ្រចិត្ត ផ្ដល់ឈាមជារៀងរាល់ឆ្នាំផងដែរ។ នេះគឺជាការងារមនុស្សធម៌ ចូលរួមចំណែកជួយសង្គម និងជួយសង្គ្រោះជីវិតមនុស្ស តាមរយៈការបរិច្ឆាគឈាម។
នៅក្នុងឆ្នាំ២០១៨ តំរូវការឈាមមានជាង៨ម៉ឺនកំប្លោក បើធៀបនឹងឆ្នាំ២០១៧មានកំណើមជាង១០%ជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំ២០១៩ ខាងមជ្ឈមណ្ឌល ត្រូវការប្រមាណជាង៩ម៉ឺនកំប្លោកទៀតផងដែរ ៕