(កំពង់ចាម)៖ លោកស្រី ពេជ្រ ចាន់មុន្នី ហ៊ុន ម៉ាណែត និងអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋជាង៣០០០នាក់ នៅវិទ្យាល័យ ជីហែ ភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។
នៅចំពោះមុខប្រជាពលរដ្ឋទាំងអស់ លោក គួច ចំរើន បានថ្លែងថា សុខភាព គឺជាទ្រព្យសម្បត្ដិរបស់បងប្អូនប្រជាពលរដ្ឋម្នាក់ៗ ដោយផ្ទាល់ ហើយប្រសិនបើយើងមានសុខភាពល្អ យើងប្រាកដជាមានឱកាសដើម្បីរៀបចំជីវភាពរបស់យើងឲ្យបានល្អប្រសើរ ប៉ុន្តែប្រសិនយើងមានសុខភាពមិនល្អ យើងនឹងមានផលប៉ះពាល់ ក្នុងការចំណាយទ្រព្យធន ពេលវេលា ក្នុងការព្យាបាលជំងឺរបស់យើង។ អញ្ចឹងនៅថ្ងៃនេះ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ដេចតេជោ ដែលបានចុះមកពិនិត្យព្យាបាលជូនបងប្អូនប្រជាពលរដ្ឋ នៅទីនេះ ក៏មានន័យថា បាននាំមក នូវទ្រព្យសម្បត្តិមហាសាលជាច្រើន មកចែករំលែកជូនបងប្អូន អ្នកមានជំងឺនៅទីនេះគ្រប់ៗ គ្នា។
លោកអភិបាលខេត្ត បានយកឱកាសនោះ ដើម្បីសុំអំពាវនាវទាក់ទងទៅនឹងបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូន ដោយការសង្កេតកន្លងមកឃើញថា បងប្អូនប្រជាពលរដ្ឋរបស់យើង មានទម្លាប់ ទាល់តែមានជំងឺធ្ងន់ ទើបបានទៅរកគ្រូពេទ្យ ប៉ុន្តែទម្លាប់បែបនេះ បើតាមគ្រូពេទ្យថា មិនត្រឹមត្រូវទេ ដោយគ្រូពេទ្យបានប្រាប់ថា ការពិនិត្យសុខភាព ត្រូវធ្វើឲ្យបានទៀងទាត់ និងឱ្យបានត្រឹមត្រូវទៅតាមការកំណត់របស់គ្រូពេទ្យ ព្រោះថា សុខភាពរបស់យើងម្ម្នាក់ៗ មិនដូចគ្នាទេ ដោយបងប្អូនខ្លះ គ្រូពេទ្យតម្រូវឱ្យពិនិត្យសុខភាព៣ខែម្តង និងបងប្អូនខ្លះទៀត គ្រូពេទ្យឱ្យពិនិត្យសុខភាពក្នុង៦ខែម្តង ឬក៏បងប្អូនខ្លះទៀតមួយឆ្នាំម្ដង ហើយការដែលទៅពិនិត្យសុខភាពតាមការណែនាំរបស់គ្រូពេទ្យ វាជាដំណើរការក្នុងការថែរក្សាសុខភាពរបស់យើង កុំឲ្យមានជំងឺ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំរង់ចាំដល់ពេលឈឺធ្ងន់ ទើបបានទៅរកគ្រូពេទ្យ ព្រោះប្រការនេះ ធ្វើឲ្យមានផលប៉ះពាល់រំខាន ដល់ដំណើរការ នៃការកសាងជីវភាពប្រចាំថ្ងៃរបស់យើង ដែលខាតបង់ទាំងពេលវេលា ខាតបង់ទាំងសុខភាពមានភាពទ្រុឌទ្រោម ខាតទាំងថវិកាដែលត្រូវចំណាយ សម្រាប់ការព្យាបាលជំងឺនោះផងដែរ។ ប៉ុន្តែបើសិនជាយើងធ្វើតាមការណែនាំរបស់គ្រូពេទ្យ ទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ នោះយើងនឹងអាចថែរក្សាសុខភាពរបស់យើងឲ្យបានរឹងមាំ ដើម្បីមានឱកាសក្នុងការប្រកបការងារ កសាងជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង។
ក្នុងឱកាសនោះ លោកស្រី ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា សមាគមគ្រូពេទ្យសម្ដេចតេជោ មកដល់ពេលនេះមានអាយុកាល៧ឆ្នាំហើយ ដែលការរៀបចំបង្កើតឲ្យមានមាគមគ្រូពេទ្យស្ម័គ្រចិត្តនេះ គឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានគោលបំណងដើម្បីឲ្យក្រុមគ្រូពេទ្យ បានចុះព្យាបាលដល់ផ្ទះរបស់ បងប្អូនប្រជាពលរដ្ឋតែម្តង។
លោកស្រីបន្តថា ដោយសម្ដេចយល់ឃើញថា បងប្អូនប្រជាពលរដ្ឋជាពិសេស ពូ អ៊ំ លោកតា លោកយាយ នៅពេលដែលពួកគាត់មានជំងឺបន្តិចបន្តួច មិនសូវបានទៅរកគ្រូពេទ្យព្យាបាលនោះទេ ដែល ប្រការនេះ អាចបណ្ដាលឱ្យជម្ងឺវិវត្តទៅជាធ្ងន់ធ្ងរ ដូច្នេះដើម្បីជួយដល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ទើបសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត បានរៀបចំបង្កើតសមាគមគ្រូពេទ្យស្ម័គ្រចិត្ត សម្ដេចតេជោនេះឡើង។
លោកស្រី បានបន្ថែមថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលចុះមកព្យាបាលប្រជាពលរដ្ឋនៅក្នុងស្រុកកោះសូទិន នាពេលនេះ គឺគ្រូពេទ្យមកពីគ្រប់ទីកន្លែង នៅក្នុងខេត្តកំពង់ចាម និងមកពីរាជធានីភ្នំពេញ ហើយការព្យាបាលថ្ងៃនេះ មានព្យាបាលជំងឺទូទៅ មានផ្នែកវះកាត់តូច និងផ្នែកព្យាបាលមាត់ធ្មេញ ផ្នែកបេះដូង ត្រចៀក បំពង់ក ជំងឺសន្លាក់ ជំងឺសើស្បែក មានពិនិត្យឈាម មានការពិនិត្យអេកូ ស្ត្រីមានផ្ទៃពោះ និងបញ្ហារោគស្ត្រី។
ក្នុងនោះ ប្រសិនបើមានអ្នកជំងឺធ្ងន់ធ្ងរ ដែលក្រុមគ្រូពេទ្យរបស់យើងមិនអាចធ្វើការវះកាត់នៅទីនេះបាន និងត្រូវបញ្ជូនទៅវះកាត់នៅមន្ទីរ បង្អែកខេត្តកំពង់ចាម ឬក៏ទៅមន្ទីពេទ្យភ្នំពេញ ដែលរាល់ការចំណាយទាំងអស់គឺសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាអ្នកចំណាយ។ បើតាមលោកស្រី ពេជ្រ ចន្ទមុន្នី កន្លងមក មានអ្នកជំងឺបេះដូងធ្ងន់ធ្ងរត្រូវវះកាត់ចំនួន២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ធ្វើការវះកាត់ ជួយសង្គ្រោះ ព្យាបាលឲ្យជាសះស្បើយឡើងវិញ។ ដោយឡែក ក៏មានអ្នកជំងឺធ្ងន់ធ្ងរ ជាច្រើននាក់ទៀត ក៏ត្រូវបាននាំទៅព្យាបាលនៅភ្នំពេញបានជាសះស្បើយផងដែរ។
ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន សំណាងឱ្យប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលបានចាត់តាំងលោកស្រី ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទាំងអស់ ចុះមកពិនិត្យព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋរបស់យើងនៅក្នុងស្រុកកោះសូទិន រួមទាំង ការនាំយកមកជាមួយនូវថ្នាំពេទ្យយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ពិនិត្យ និងព្យាបាលបងប្អូនប្រជាពលរដ្ឋរបស់យើងនោះផងដែរ៕