(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ធ្វើការថ្កោលទោសដាច់អហង្ការ ចំពោះទង្វើថោកទាប ក្បត់ជាតិ ក្បត់ប្រជាជនរបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រកាសញុះញង់ ឱ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឡើងប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលប្រសូត្រចេញពីការបោះឆ្នោត ពីសំណាក់ប្រជាពលរដ្ឋស្ទើរពេញនគរ។
ឧត្តមសេនីយ៍ឯក អ៊ុល ណាវី បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះថា កងទ័ពទាំងអស់ប្រឆាំងយ៉ាងដាច់អហង្ការចំពោះសម្ដីរបស់ទណ្ឌិត សម រង្ស៊ី នៅថ្ងៃអទី២៥ ខែមករា ឆ្នាំ២០១៩ ដែលបានប្រកាសអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
បញ្ជាការ បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការរូបនេះ បានគូសបញ្ជាក់ថា «ការអំពាវនាវរបស់ទណ្ឌិត សម រង្សី នេះ គឺជាចរិតនៃពូជក្បត់ជាតិ ដែលមានឪពុកជាជនក្បត់ជាតិ ហើយវាបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងជនក្បត់ជាតិ កឹម សុខា ដែលសារជាតិ ពួកក្បត់ជាតិ និងពូជក្បត់ជាតិនេះនៅតែក្បត់ ដោយពួកគេរកគ្រប់វិធី ដើម្បីបំផ្លាញសុខសន្តិភាពរបស់ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋនៅគ្រប់ដង្ហើមចេញចូល តាមរយៈសកម្មភាពញុះញុង បំបែកបំបាក់ លាបពណ៌ បំផ្លិចបំផ្លាញប្រទេសជាតិ»។
ឧត្តមសេនីយ៍ឯក អ៊ុល ណាវី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តន៍នូវដីការបស់តុលាការ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការចំពោះជនក្បត់ជាតិ ដែលតុលាការតាមចាប់ខ្លួន និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំជឿតាមការអំពាវនាវរបស់ ទណ្ឌិត សម រង្ស៉ី។
សូមរំលឹកថា ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតទីបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសឲ្យកងទ័ពអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនក្នុងការការពារនូវសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយត្រូវរួមគ្នាទប់ទល់ជាមួយ សកម្មភាពទាំងឡាយដែលប៉ុនប៉ង ធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាកងទ័ពទាំងអស់ឲ្យអនុវត្តន៍វិធានការ កម្ទេចជនបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់រង់ចាំបទបញ្ជានោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនខ្លាចនឹងចាត់វិធានការចំពោះជនមួយក្តាប់តូច ដើម្បីរក្សានូវសេចក្តីសុខ របស់ប្រជាពលរដ្ឋទូទាំងប្រទេសនោះឡើយ៕