(កោះកុង)៖ យ៉ាងហោចណាស់មានមនុស្សចំនួន២នាក់ ម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដកុងតឺន័រ ពាក់ស្លាកលេខ «ចង្កូតស្តាំ PSHN ០៥៥៨» របស់ក្រុមហ៊ុនរាជសីហ៍ ឡូជីស្ទីក បុកជាមួយម៉ូតូ Honda Dream នៅចន្លោះគីឡូម៉ែត្រលេខ ៨៩-៩០ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង នាវេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ។

បើតាមមន្ដ្រីនគរបាលខេត្តកោះកុង បានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់នេះ រួមមានទី១៖ ឈ្មោះ ធឿន ឌីន ភេទប្រុស អាយុ១៤ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងទី២៖ ឈ្មោះ លោក វ៉ាន់អូ ភេទប្រុស អាយុ១៦ឆ្នាំ របួសធ្ងន់ អ្នកទាំងពីរមានទីលំនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ ចំណែកឯអ្នកបើកបររថយន្ដកុងតឺន័រ បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ១នាក់ បញ្ជូនទៅមន្ទីរពេទ្យខេត្តកោះកុង ចំណែកសាកសពធ្វើកំណត់ហេតុប្រគល់ ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក រថយន្តកម្លាំងជំនាញអធិការដ្ឋាន បានធ្វើកំណត់ហេតុរក្សាទុកនៅអធិការដ្ឋាន ដោះស្រាយតាមនីតិវិធីច្បាប់៕