(ក្រចេះ)៖ អាវុធហត្ថខេត្តក្រចេះ សហការជាមួយអាវុធហត្ថស្រុកចិត្របុរី ក្រោមបញ្ជាលោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្ត នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩នេះ បានបើកប្រតិបត្តិការបង្រ្កាបទីតាំងជល់មាន់ និងអាប៉ោង១កន្លែង រឹបអូសបានវត្ថុតាងជាច្រើន ស្ថិតនៅភូមិកន្ទួត ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក អ៊ឹម ចិត្រា មេបញ្ជាការអាវុធហត្ថ ស្រុកចិត្របុរី បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថ រឹបអុសបានវត្ថុតាងរួមមាន៖ មាន់ចំនួន២ក្បាល អង្រុតដែក១០ កន្រ្ទក់ដាក់មានចំនួន៩ កៅអីជ័រចំនួន២១ របាំងសង្វៀនជល់មាន់១ ស្កុតរុំជើងមាន់១៥ដុំ ហាន់តោអាប៉ោង១ រថយន្ដចំនួន២គ្រឿង ម៉ូតូចំនួន៣គ្រឿង។
មេបញ្ជាការស្រុក បន្ដទៀតថា កាលពីបីថ្ងៃមុន កម្លាំងអាវុធហត្ថ បានចុះទៅបង្រ្កាបទីតាំងជល់មាន់មួយកន្លែងដែរ ស្ថិតនៅភូមិរលោច ឃុំកន្ទួត ស្រុកចិត្របុរី ប៉ុន្តែត្រូវបានអ្នកលេងដឹងខ្លួនមុន រត់បាត់អស់ នៅសល់តែសង្វៀនជល់មាន់ ហើយកម្លាំងអាវុធហត្ថ បានរុះរើបំផ្លាញចោល។
លោកថា ថ្ងៃនេះ កម្លាំងអាវុធហត្ថចុះបង្រ្កាបទីតាំងខាងលើនេះ ដោយរឹបអូសបានវត្ថុតាំងជាច្រើន តែមិនបានឃាត់ខ្លួនអ្នកលេងទាំងនោះទេ ព្រោះពេលកម្លាំងទៅដល់ពួកគេបានរត់គេចខ្លួនអស់។ បច្ចុប្បន្ន វត្ថុតាំងទាំងនោះ ត្រូវកម្លាំងអាវុធហត្ថ នាំយកមករក្សាទុកបណ្ដោះអាសន្ន នៅមូលដ្ឋានអាវុធហត្ថស្រុកចិត្របុរី ដើម្បីកសាងសំណុំរឿងបន្ត៕