(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋជាង៦០០០នាក់ នៅស្រុកសំរោងទង កំពង់ស្ពឺ ដោយមានប្រជាពលរដ្ឋមកពីឃុំសំបូរ ឃុំព្នាយ ឃុំត្រពាំងគង។
លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានមានប្រសាសន៏ថា ដោយមានការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អំពីស្ថានភាពរស់នៅ និងជំរុញឲ្យបងប្អូនថែរក្សាសុខភាពផងដែរ។
នៅក្នុងពិធីនោះលោកតំណាងរាស្ត្របានណែនាំដល់បងប្អូនប្រជាកសិករ ត្រូវតែនាំគ្នាយកចិត្តទុកដាក់ការរក្សាទឹកទុកប្រើប្រាស់នារដូវប្រាំងឆ្នាំនេះ ជៀសវាងការខ្វះខាតទឹកដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពក្នុងការរស់នៅប្រចាំថ្ងៃ។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានលើកឡើងប្រាក់ខែដែលបានតំឡើងជូនបងប្អូនកម្មករ-កម្មការិនីរាល់ឆ្នាំ គឺមិនបានមកពីបក្សប្រឆាំងស្រែកឃោសនាទេ ពោលគឺបានមកពីការគិតគូររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏បិនប្រសព្វសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងប្រឹងប្រែងគៀគរវិនិយោជមកបើករោងចក្រ សហគ្រាស ដើម្បីបង្កើនជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាទូទៅ។
សូមបញ្ជាក់ដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី បានចុះពិត្យ និងព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋ កម្មករ-កម្មការិនី បានចំនួនលើកទី៨៩ដង រួចមកហើយនៅទូទាំងប្រទេសគិតទាំងលើកនេះផង៕