(ក្រចេះ)៖ អតីតយុទ្ធជនចំនួន៣២គ្រួសារ ក្នុងខេត្តក្រចេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាផ្តល់ផ្ទះ និងដីឡូត៍ជូន។
ជាក់ស្ដែងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានរៀបចំពិធី ចាប់ឆ្នោតយកលេខរៀងផ្ទះ និងដី។ ពិធីនេះត្រូវបានធ្វើនៅភូមិសំបួរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តក្រចេះ និងថ្នាក់ដឹកនាំសមាគមខេត្តក្រចេះ ព្រមទាំងកំពង់ចាមផងដែរ។
ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សមាជិកនៅទីនេះ ថាសម្តេចលោកនឹករលឹក និងតែងតែគិតគូរដល់សមាជិកគ្រប់គ្នាជានិច្ច ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត តាមរយៈការផ្តល់ដី និងសង់ផ្ទះជូន ដូចដែលយើងទាំងអស់គ្នាបានឃើញស្រាប់ហើយ។
ជាមួយគ្នានេះ ទេសរដ្ឋមន្ដ្រីអគ្គលេខាធិការ បានកោតសសើរចំពោះថ្នាក់ដឹកនាំសមាគមខេត្ត ដែលបានខិតខំឈូសឆាយដីបែងចែកជាឡូត៍ និងសាងសង់ផ្ទះ អំណោយរបស់សម្តេចជូនបងប្អូនបានរួចរាល់២០ខ្នង លើផែនការ៤៤ខ្នង និងកំពុងបន្តសាងសង់តាមផែនការ។
បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំឲ្យអភិបាលខេត្ត ជួយទំនុកបម្រុងដល់បងប្អូនយើង ក្នុងស្ថានភាពដែលពួកគាត់ទើបមកតាំងទីលំនៅថ្មី និងមានការខ្វះខាត ដោយនៅក្នុងភូមិនេះឆ្ងាយពីប្រភពទឹក ហើយក៏បានជំរុញឲ្យខេត្តចលនា សប្បុរសជនដើម្បីជីកអណ្តូង ជូនបងប្អូនសម្រាប់ប្រើប្រាស់ដែលចំពោះមុខបានអណ្តូងពីរហើយ។
អគ្គលេខាធិការរូប បានជំរុញឲ្យថ្នាក់ដឹកនាំសមាគមខេត្តគ្រប់ថ្នាក់ បន្តធ្វើបច្ចុប្បនភាពសមាជិកអតីតយុទ្ធជនក្នុងខេត្ដ ក្តាប់ឲ្យបានពីស្ថានភាពរស់នៅ របស់សមាជិកម្នាក់ៗ ខិតខំមើលថែបងប្អូនដែលមានជំងឺ តាមរយៈការបញ្ជូនទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា។
ទន្ទឹមនឹងនេះ អតីតយុទ្ធជនទាំង៣២គ្រួសារ ដែលទទួលបានផ្ទះ និងដី មានក្តីរំភើបរីករាយជាខ្លាំង និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ ពួកគាត់សូមជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារសូមឲ្យបានសុខសប្បាយ សិរីសួស្តីជ័យមង្គលវិបុលសុខ និងបន្តធ្វើជានាយករដ្ឋមន្ត្រីជារៀងរហូត៕