(ភ្នំពេញ)៖ ទោះបីជាមានវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលយ៉ាងណាក្ដី ក៏បរិមាណ នៃការប្រើប្រាស់នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងបរិមាណរូបិយវត្ថុទូទៅ។ អាស្រ័យដូច្នេះហើយទើបលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានអំពាវនាវដល់នាយកដ្ឋាន និងអង្គភាពក្រោមឱវាទធនាគារជាតិទាំងអស់ បន្ដអនុវត្តវិធានការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀត។
ការស្នើសុំរបស់អគ្គទេសាភិបាលធនាគារជាតិរូបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់ធនាគារជាតិ នៃកម្ពុជានាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។
លោក ជា ចាន់តូ បានឲ្យដឹងថា ទោះបីជាវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលកន្លងមក បានបង្កើនបរិមាណប្រាក់រៀល និងប្រាក់បញ្ញើជារៀលជាលំដាប់ក៏បរិមាណនេះ មានកម្រិតទាបនៅឡើយ បើធៀបនឹងបរិមាណរូបិយវត្ថុទូទៅ។ បញ្ហានេះបន្តធ្វើឱ្យការអនុវត្ត គោលនយោបាយរូបិយវត្ថុ មិនទាន់មានភាពពេញលេញនៅឡើយ។
លោកបន្ដទៀតថា តាមបទពិសោធន៍អន្តរជាតិ ជោគជ័យ នៃការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ទាមទារនូវកិច្ចខិតខំជាប្រចាំ និងពេលវេលារយៈពេលវែងជាមួយ នឹងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។
លោកថា «អាស្រ័យដូច្នេះខ្ញុំស្នើសុំឱ្យគ្រប់នាយកដ្ឋាន និងអង្គភាពក្រោមឱវាទធនាគារជាតិទាំងអស់ បន្តអនុវត្តវិធានការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលបន្ថែមទៅលើយន្ដការទីផ្សារ ពិសេសតាមរយៈ៖ ការបន្តពង្រឹងការយល់ដឹង ពីសារៈសំខាន់ប្រាក់រៀល, ការអនុវត្តយុទ្ធនាការ «ខ្ញុំស្រឡាញ់ប្រាក់រៀល», បន្តអភិវឌ្ឍទីផ្សារអន្តរធនាគារ និងទីផ្សារប្តូរប្រាក់, ការអភិវឌ្ឍឧបករណ៍គោលនយោបាយរូបិយវត្ថុ, តាមដានលើការបង្កើនសមាមាត្រឥណទាន ជាប្រាក់រៀលឱ្យបាន១០% នៃសំពៀតឥណទានសរុប តាមការគ្រោងទុកនៅចុងឆ្នាំ២០១៩នេះ»។
លោកបញ្ជាក់ទៀតថា បន្ថែមពីនេះអ្នកទាំងអស់គ្នាគួរយកចិត្តទុកដាក់ផងដែរថា ដោយសារនិន្នាការនៃការប្រែប្រួលតម្លៃប្រាក់ដុល្លារអាមេរិក ពិសេសចំពោះរូបិយប័ណ្ណ នៃប្រទេសក្នុងតំបន់កម្ពុជា ក៏អាចរងសម្ពាធនេះផងដែរ។ ក្នុងស្ថានភាពនេះគោលនយោបាយអត្រាប្តូរប្រាក់ ត្រូវបន្តអនុវត្តឡើងដោយប្រុងប្រយ័ត្ន និងស្របតាមមូលដ្ឋានសេដ្ឋកិច្ច ដើម្បីរក្សាស្ថិរភាពអត្រា ប្តូរប្រាក់ព្រមទាំងបញ្ចៀសផលប៉ះពាល់ ទៅលើជំនឿទុកចិត្ត និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជាកន្លងបានខិតខំ ធ្វើកិច្ចការងារផ្សេងៗ និងបន្ដការងារជាច្រើនដូចជា៖ បន្ដអភិវឌ្ឍន៍ប្រតិបត្តិការ LPCO, សហការជាមួយក្រសួងពាណិជ្ជកម្ម ជំរុញការអនុវត្តប្រកាសស្ដីពីការបិទស្លាកតម្លៃប្រាក់រៀល, ជំរុញការអនុវត្តប្រកាសស្ដីពីសំពៀតឥណទានជាប្រាក់រៀល យ៉ាងតិចឲ្យបាន១០% ត្រឹមតំណាច់ឆ្នាំ២០១៩, ដាក់ដំណើរការប្រព័ន្ធសេវាទូទាត់រហ័ស (Fast), អភិវឌ្ឍន៍ការទូទាត់តាមរយៈប្រព័ន្ធ QR Code ឆ្លងដែនសម្រាប់ទូទាត់ប្រាក់រៀល និងប្រាក់បាត់ថៃ, សហការជាមួយធណាគារកណ្ដាលចិន លើការជំរុញការប្រើប្រាស់ប្រាក់រៀល និងប្រាក់យ៉ន់ចិនសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ និងអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចេញផ្សាយសញ្ញាប័ណ្ណសាជីវកម្មជារូបិយវត្ថុជាតិ៕