(សៀមរាប)៖ កសិដ្ឋានចិញ្ចឹមក្រពើ របស់លោក ខូយ ឈីន ដែលមានទីតាំងនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជាមធ្យមក្នុង១ឆ្នាំ កសិដ្ឋានអាចរកបានចំណូលពី ១៥-២០ម៉ឺនដុល្លារ។
ជាក់ស្តែង នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យកសិដ្ឋាននេះ។
មកទល់បច្ចុប្បន្នកសិដ្ឋាន បានដំណើរការមកជាង២០ឆ្នាំហើយ សព្វថ្ងៃកសិដ្ឋានមានមេ-បា ចំនួន១,២០០ក្បាល និងជំទង់ចំនួន ៣,២០០ក្បាល ចិញ្ចឹមលើផ្ទៃដី ១៦,០០០ម៉ែត្រការ៉េ ដោយបែងចែកជាអាងមេ-បា ពូជ កូន និងក្រពើជំទង់។
ទីផ្សារបច្ចុប្បន្នកូនក្រពើ១ក្បាល ថ្លៃ១៥-២០ដុល្លារ ចិញ្ចឹមបានអាយុ៣ឆ្នាំ តម្លៃ៥-៦ដុល្លារ ក្នុងមួយគីឡូក្រាម ហើយជាបច្ចេកទេសក្រពើមានអាយុ៣ឆ្នាំ ទើបស្បែករបស់វាមានគុណភាពល្អ ត្រូវតាមស្តង់ដារទីផ្សារនាំចេញ។
លោក ខូយ ឈីន បានជម្រាបជូន លោករដ្ឋមន្ត្រីថា ទីផ្សារកូនក្រពើ គឺប្រទេសវៀតណាម និងថៃ ហើយបច្ចុប្បន្នកម្ពុជា បាននាំចេញកូនក្រពើប្រមាណ៣២ម៉ឺនក្បាលក្នុង១ឆ្នាំ ដោយឡែកកសិដ្ឋាននេះ អាចនាំចេញបាន
១ម៉ឺន ទៅ១.៥ ម៉ឺនក្បាល។ ជាមធ្យមក្នុង១ឆ្នាំ កសិដ្ឋានអាចរកបានចំណូលពី ១៥-២០ម៉ឺនដុល្លារ។
បន្ទាប់ពីបានពិនិត្យកសិដ្ឋានរួចហើយ លោករដ្ឋមន្ត្រី បានណែនាំឲ្យកសិដ្ឋាន សហការជាមួយរដ្ឋបាលជលផល ដើម្បីអនុវត្តការងារបច្ចេកទេសបន្ថែម ច្បាប់ការងារដ និងទីផ្សារធ្វើយ៉ាងណា ជំរុញទីផ្សារក្រពើកម្ពុជា ដែលមានសក្តារនុពល ខាងសេដ្ឋកិច្ចឲ្យបានទូលំទូលាយ ពិសេសទីផ្សារចិន។
លោករដ្ឋមន្ត្រី បន្ដថា ម៉្យាងវិញទៀត គួរខិតខំប្រឹងប្រែង ឲ្យអស់លទ្ធភាពទាំងការងារផលិតកម្ម និងកែច្នៃ ប្រសើរជាងនាំចេញកូន និងមេ-បាពូជ ដើម្បីបង្កើនតម្លៃបន្ថែម បង្កើតការងារជូនដល់ពលរដ្ឋនៅមូលដ្ឋាន ហើយគួរសិក្សាពីលទ្ធភាពចិញ្ចឹមបង្កង ដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារខេត្តសៀមរាប៕