(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ទារកក្នុងតួលេខគួរឲ្យព្រួយបារម្ភមួយ ដែលត្រូវបានឪពុកម្តាយឬអាណាព្យាបាលបោះបង់នៅតាមមណ្ឌលសុខភាព ទីកន្លែងសាធារណៈ ឬករណីខ្លះក៏មាននៅតាមកន្លែងចោលសម្រាមផងដែរ ។ ទារក និងកុមារដែលជាអនីតិជនទាំងនោះ ដែលត្រូវបោះបង់អាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ប៉ះពាល់ដល់សុខភាព ឬមិនអាចមានអនាគតល្អ ដោយហេតុថា ក្រោយការបោះបង់ពីសំណាក់ឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេ ពួកគេនឹងជួបប្រទះនូវរឿងជាច្រើនដែលនឹកស្មានមិនដល់ ។
យោងតាមរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ញត្តិថា មាតាបិតាមានកាតព្វកិច្ចថែរក្សា និងអប់រំកូនឲ្យទៅជាពលរដ្ឋល្អ ។ ដូចនេះ ការបោះបង់ចោលកូនជាអនីតិជនដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់ខ្លួននោះ គឺជាទង្វើល្មើសច្បាប់ ។
សម្រាប់សប្តាហិ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន FRESH NEWS សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី “បទបោះបង់អនីតិជន” មកធ្វើការចែករំលែកដូចតទៅ ៖
ការបោះបង់អនីតិជន គឺជាបទល្មើសមជ្ឈិម ដែលក្រមព្រហ្មទណ្ឌបានកំណត់យ៉ាងជាក់លាក់ថា “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១(មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងត្រូវពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ប្រសិនបើអំពើបោះបង់នោះបណ្ដាលឲ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ” ។
ដូចនេះ សកម្មភាពរបស់ឪពុកម្តាយ ឬ អាណាព្យាបាលដែលបានបោះបង់អនីតិជនអាយុតិចជាង ១៥ឆ្នាំ ដោយ បណ្តាលឲ្យអន្តរាយដល់សុខភាព ឬ សន្តិសុខរបស់អនីតិជន នោះឪពុកម្តាយ ឬ អាណាព្យាបាលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
ជាមួយគ្នានេះ មានសំនួរមួយត្រូវបានលើកឡើងថា “តើការឲ្យកូនជាអនីតិជនទៅបុគ្គលផ្សេងចិញ្ចឹម ចាត់ទុកជាបទល្មើសដែរ ឬទេ?” ការឲ្យកូនជាអនីតិជនទៅបុគ្គលផ្សេងចិញ្ចឹម នោះមិនមែនជាបទល្មើសទេ ប្រសិនបើការឲ្យអនីតិជនទៅបុគ្គលផ្សេងចិញ្ចឹមស្របតាមលក្ខខណ្ឌច្បាប់ ដូចមានចែងក្នុងក្រម រដ្ឋប្បវេណី ឆ្នាំ២០០៧ ពាក់ព័ន្ធនឹងបទបញ្ញត្តិស្មុំកូន និងមិនធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់អនីតិជនទេ ដែលមានកំណត់ក្នុងបញ្ញត្តិខាងលើ នៃក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ ។
សរុបមក អំពើបោះបង់អនីតិជន គឺជាអំពើខុសច្បាប់ និងធ្វើឲ្យសង្គមយើងកើនឡើងនូវក្មេងអនាថា ដែលមិនមានអត្តសញ្ញាណច្បាស់លាស់ ហើយអាចនឹងធ្វើឲ្យជីវិតរបស់ពួកគេតែលតោល និងគ្មានការអប់រំជាដើម ជាហេតុធ្វើឲ្យជនខិលខូចមួយចំនួន ឆ្លៀតឱកាសកេងប្រវ័ញ្ចកម្លាំងពលកម្ម និងវាយធ្វើបាបអនីតិជនទាំងនោះ ។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងកញ្ញា យ៉េ នីតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕