(បន្ទាយមានជ័យ)៖ សមិទ្ធផលជាចំណងដៃថ្មី គឺកុដិ១ខ្នង ដែលកសាងឡើងដោយក្រុមគ្រួសារនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ជូនដល់វត្តសុវណ្ណគីរី មានទីតាំងស្ថិតនៅភូមិវត្តថ្មី ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
កុដិ១ខ្នងដ៏ថ្មីស្រឡាងនេះ កសាងដោយនាយឧត្តមសេនីយ ខេង សុមេធ និងលោកស្រីកុយ សាលីណា, លោក សោម ណារី និងលោកស្រី យិត ស្រស់ ព្រមទាំងកូននិងចៅ ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។
ក្នុងឱកាសសម្ពោធសមិទ្ធផលថ្មីនេះដែរ នាយឧត្តមសេនីយ ខេង សុមេធ បានរំលឹកអំពីប្រវត្តិឈឺចាប់ ក្នុងសម័យសង្គ្រាមដែលតំបន់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យទាំងមូល បានខ្ទេចខ្ទាំដោយសារសង្គ្រាម ហើយប្រជាជនបានរងទុក្ខវេទនាជាពន់ពេក ព្រោះថាតំបន់នោះ បានអូសបន្លាយសង្គ្រាមរ៉ាំរ៉ៃ និងបានបញ្ចប់សង្គ្រាមក្រោយគេថែមទៀតផង។
នាយឧត្តមសេនីយ ខេង សុមេធ បានបន្ថែមថា តើនរណាមួយចង់បានសង្គ្រាមទៀតនោះ? លោកសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់ចង់បានវាទៀតទេ ព្រោះថាបច្ចុប្បន្នប្រទេសមានសុខសន្តិភាព សុវត្ថិភាព ហើយកំណើនសេដ្ឋកិច្ចនៅកម្ពុជាពី១ឆ្នាំទៅ១ឆ្នាំ បានឈានឡើង និងប្រជាជនមានជីវភាពធូរធារ ហើយពួកគាត់កំពុងតែរស់នៅបានសុខសាន្ត។
ជាមួយគ្នានោះ លោកក៏បានផ្តាំផ្ញើប្រជាពលរដ្ឋ លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសន្តិភាព ដែលកំពុងកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបន្តរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ ខេងសុមេធ និងលោកស្រី កុយសាលីណា បាននាំយកសារុង ក្រណាត់ស សម្ភារសិក្សា និងថវិកា ចែកជូនដល់អ្នកចូលរួមមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ មន្ត្រីរាជការ លោកយាយ លោកតា នគរបាល ប្រជាការពារថែមទៀតផង៕