(ភ្នំពេញ)៖ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានសម្រចបង្កើតក្រុមការងាររៀបចំសេចក្តីព្រាងក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា។ នេះបើយោងតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។
យោងតាមសេចក្តីសម្រេច បានឲ្យដឹងថា ក្រុមការងាររៀបចំសេចក្តីព្រាងក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា មានសមាសភាព២៣នាក់ ដែលមានលោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាប្រធាន, លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាអនុប្រធាន និងលោក គង់ ម៉ារី ទីប្រឹក្សាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ជាអនុប្រធានប្រចាំការ អមដោយសមាជិកចំនួន២០រូប។
បើតាមសេចក្តីសម្រេចដដែល ក្រុមការងាររៀបចំសេចក្តីព្រាងក្របខ័ណ្ឌ គោលនយោបាយសេដ្ឋកិច្ចទីជីថលកម្ពុជា មានភារកិច្ចដូចខាងក្រោម៖
*ទី១៖ រៀបចំសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា ដើម្បីដាក់ជូនឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិពិនិត្យសម្រេច មុនពេលដាក់ជូនសុំការអនុម័តពីរាជរដ្ឋាភិបាល
*ទី២៖ តាមដាន សិក្សា និងវាយតម្លៃនិន្នាការនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់ និងពិភពលោក
*ទី៣៖ វាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគម្រាមកំហែងនៃសេដ្ឋកិច្ចទីជីថលនៅកម្ពុជា
*ទី៤៖ វិភាគពីតម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និង ការគាំទ្រផ្នែកគោលនយោបាយ និងរៀបចំកិច្ចប្រជុំ សិក្ខាសាលា និងទស្សនកិច្ចសិក្សាដើម្បីប្រមូលធាតុចូល និងពិគ្រោះយោបល់តាមការចាំបាច់។
ព័ត៌មានលម្អិត សូមអានសេចក្តីសម្រេចខាងក្រោមនេះ៖