(ព្រះវិហារ)៖ ទាហានទាំងអស់នៅកងពលធំអន្ដរាគមន៍លេខ៣ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក សូមប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះការអំពាវនាវរបស់ ទណ្ឌិត សម រង្សី នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ដែលញុះញង់ឲ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដែលកើតចេញពីការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
កងពលធំអន្ដរាគមន៍លេខ៣ គោរព និងអនុវត្តន៍ម៉ឺងម៉ាត់ដាច់ខាតនូវបទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវភារកិច្ចជាអាទិភាព ដល់កងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងមកនេះ ដើម្បីវាយកម្ទេចជនក្បត់ជាតិ ដែលប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌ បំផ្លិចបំផ្លាញសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។
កងពលធំអន្ដរាគមន៍លេខ៣ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តនូវដីការបស់តុលាការ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការចំពោះជនក្បត់ជាតិ ដែលតុលាការតាមចាប់ខ្លួន និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ កុំជឿតាមការអំពាវនាវរបស់ ទណ្ឌិត សម រង្សី។
សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃការបង្កើតទីបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន បានប្រកាសឲ្យកងទ័ពអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនក្នុងការការពារនូវសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយត្រូវរួមគ្នាទប់ទល់ជាមួយសកម្មភាពទាំងឡាយដែលប៉ុនប៉ងធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាកងទ័ពទាំងអស់ឲ្យអនុវត្តន៍វិធានការកម្ទេចជនបំផ្លាញសុខសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់រង់ចាំបទបញ្ជានោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនខ្លាចនឹងចាត់វិធានការចំពោះជនមួយក្តាប់តូច ដើម្បីរក្សានូវសេចក្តីសុខរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនោះឡើយ៕