(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជានាពេលបច្ចុប្បន្នកំពុងបោះជំហានទៅរកភាពរីកចម្រើនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយថែមទាំងកំពុងទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកាន់ប្រទេសកម្ពុជាកាន់តែច្រើ ព្រោះតែពួកគេជឿជាក់លើសុខសន្តិភាព ស្ថេរភាពភាពនយោបាយ និងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់លើ Facebook នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩នេះថា បើទោះបីកម្ពុជាមានការរីកចម្រើនលូតលាស់ទៅមុខ ហើយរាជរដ្ឋាភិបាលប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសយ៉ាងណាក្តី នៅតែមានការផ្សព្វផ្សាយបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងមិនទទួលស្គាល់នូវការប្រឹងប្រែងទាំងអស់នេះ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ទោះបីយើងខិតខំប្រឹងប្រែងយ៉ាងណាក្តី ក៏គង់តែនៅមានព័ត៌មានភូតកុហក់អំពីប្រទេសយើង។ ប៉ុន្តែជាក់ស្តែងនៅពេលដែលទេសចរ និងវិនិយោគគិនបានមកដល់ គឺពួកគេមានការកោតសរសើរកម្ពុជាអំពីការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោយពីបានរួចផុតពីរបបកាប់សម្លាប់ប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥ -១៩៧៩)។ ការរីកចម្រើនរបស់ប្រទេសជាសព្វថ្ងៃ គឺមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងក្មួយៗយុវជនបានឡើយ»។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអរគុណដល់ជនរួមជាតិទាំងអស់ ដែលបានចូលរួមបន្សាបព័ត៌មានមិនពិតទាំងនោះ និងបានចូលរួមថែរក្សាការពារសន្តិភាព ដើម្បីកម្ពុជាកាន់តែរីកចម្រើន និងរុងរឿង៕