(ប៉ៃលិន)៖ ដើម្បីឆ្លើយតបនឹងបញ្ហាគ្រោះមហន្ដរាយ បញ្ហាសុខភាព ក្នុងសហគមន៍ ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធានមនុស្ស កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស​ និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ បានជំរុញគ្រប់សកម្មភាពការងារ​នៃវិស័យស្នូលទាំង​៤​ ឲ្យប្រតិបត្តិការទៅដោយរលូន​ និងមានប្រសិទ្ធភាព​ជូនប្រជាពលរដ្ឋ។

ក្នុងនោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតជាប្រធាន តែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា​ ករុណា​ គិតគូរ​ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោលដោយទីកន្លែងណា មានទុក្ខលំបាក និងមានប្រជាពលរដ្ឋរងគ្រោះ ទីនោះមានវត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកាកបាទក្រហមកម្ពុជាជាប់ជានិច្ច។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលត្រូវបានប្រជាពលរដ្ឋខ្មែរ និងមេដឹកនាំពិភពលោកផងដែរ វាយតម្លៃខ្ពស់ថា ជាកុលធីតាកម្ពុជាមួយរូប និងជាមាតាមនុស្សធម៌កម្ពុជា ដែលបានធ្វើសកម្មភាពយ៉ាងក្លៀវក្លា ក្នុងបុព្វហេតុមនុស្សធម៌ និងជានិមិត្តរូបដ៏ឧត្តុងឧត្តម នៃការជួយសង្រ្គោះជនរងគ្រោះនៅកម្ពុជាគ្រប់រូប។

មិនត្រឹមតែពលរដ្ឋកម្ពុជានោះឡើយ សូម្បីប្រជាពលរដ្ឋនៅបណ្តាប្រទេសលើពិភពលោក ដែលជួបគ្រោះមហន្តរាយបណ្តាលមកពីគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ទឹកជំនន់ ឬរញ្ជួញដីជាដើមនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានចូលរួមវិភាគទាន ដើម្បីជួយសង្រ្គោះជាតិដល់ជនរងគ្រោះទាំងនោះផងដែរ។

មាតាមនុស្សធម៌កម្ពុជា បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការគ្រប់គ្រង និងដោះស្រាយប្រកដោយប្រសិទ្ធភាពខ្ពស់ ក្នុងបុព្វហេតុមនុស្សធម៌ ពោលបានប្រឹងប្រែងកៀងគរជំនួយមនុស្សធម៌ ចុះជួយសង្រ្គោះប្រជាពលរដ្ឋ ជាជនចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ស្ដ្រីមេម៉ាយ ជនផ្ទុកមេរោគអេដស៍ ជនរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ នៅគ្រប់ទីកន្លែង។

ជាក់ស្ដែងនៅដើមឆ្នាំ២០១៩នេះ ដែលត្រូវនឹងថ្ងៃទី២៣-២៤ ខែមករា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូអមដំណើរ​ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយមេរោគអេដស៍​ សរុបចំនួន​ ៥,០៧៧គ្រួសារ​ ដោយមានជនជាតិខ្មែរ-ឥស្លាមចំនួន​ ៧៣គ្រួសារ នៅខេត្តប៉ៃលិន។

បេសសកម្មនេះមនុស្សធម៌ នៅព្រឹកថ្ងៃទី​២៣​ ខែមករា ឆ្នាំ២០១៩ បាន​ប្រារព្ធធ្វើឡើងនៅភូមិអូរកន្ធាងវ៉ា​ ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ​ ដល់ពលរដ្ឋងាយរងគ្រោះចំនួន​១,២៥១គ្រួសារ​ ដោយពេលរសៀលថ្ងៃទី​២៣ ខែមករា​ បានប្រារព្ធធ្វើឡើងនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដល់ពលរដ្ឋងាយរងគ្រោះចំនួន ១,១៥២គ្រួសារ និងនៅថ្ងៃទី២៤​ ខែមករា​ ឆ្នាំ២០១៩​ បានប្រារព្ធធ្វើឡើងនៅភូមិអូរតាវ៉ៅ​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន ដែលប្រជាពលរដ្ឋងាយរងគ្រោះចំនួន​ ២,៦៧៤គ្រួសារ។

ក្នុងឱកាសចុះសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់ជូននូវអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៥,០៧៧គ្រួសារ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងក្តីនឹករលឹកសប្បាយរីករាយយ៉ាងខ្លាំង និងបានពាំនាំនូវព្រះរាជ​បណ្តាំសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ ពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ ពីសុខទុក្ខរបស់ប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់ពេលវេលា។

ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានមានប្រសាសន៍ផ្ដាំផ្ញើមួយចំនួនផងដែរ ដល់ប្រជាពលរដ្ឋ រួមមាន៖

*សូមពុកម៉ែ បងប្អូន ថែទាំសុខភាពឲ្យបានល្អ ត្រូវបរិភោគទឹកស្អាត និងទឹកឆ្អិន ចៀសវាងជំងឺដង្កាត់ផ្សេងៗ ដើម្បីកាត់បន្ថយអត្រាឈឺ និងស្លាប់ រួមទាំងខាតបង់សេដ្ឋកិច្ចគ្រួសារ

*ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាស្លាប់ និងពិការភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍,

*ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលជាមូលហេតុឲ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ សម្លាប់មនុស្ស ដោយពេលខ្លះសម្លាប់សូម្បីតែម្ដាយឪពុកខ្លួនឯង ដែលធ្វើឲ្យសង្គមស្អប់ខ្ពើម និងបំផ្លាញអនាគតរបស់ខ្លួន និងគ្រួសារ​

*សូមកូនៗយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវធ្វើជាសិស្សគំរូល្អ នៅសាលារៀន ដើម្បីជួយអប់រំ អូសទាញមិត្តភ័ក្ដ ដែលប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដូចជាសេពគ្រឿងញៀន ឲ្យមកផ្លូវត្រូវវិញ, ត្រូវចេះជួយគ្នា ពិសេសចំពោះមិត្តភ័ក្តដែលរៀនពូកែ ហើយជីវភាពក្រីក្រ

*សំណូមពរដល់ពលរដ្ឋ កុំប្រព្រឹត្ដល្បែងស៊ីសង ដែលនាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងបង្កើតឲ្យមានអំពើហិង្សាក្នុងគ្រួសារ

*ចំពោះអ្នកកើតជំងឺអេដស៍ សូមកុំចម្លងដល់អ្នកដទៃ និងក្រុមគ្រួសារ, រីឯអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបថ្នាំពន្យារជីវិតឲ្យបានទៀតទាត់ ទៅតាមការកំណត់របស់គ្រូពេទ្យ

*សម្រាប់ស្ដ្រីមានផ្ទៃពោះ ដើម្បីចៀសវាងការគ្រោះថ្នាក់ផ្សេងៗដល់ម្ដាយ និងកូនក្នុងផ្ទៃ សូមបងប្អូនជាស្រ្ដីមានផ្ទៃពោះទាំងអស់ ត្រូវចេះស្រលាញ់មើលថែសុខភាពខ្លួន និងកូន ដោយត្រូវទៅពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ឲ្យបានទៀងទាត់ តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូពេទ្យ

*ជំរុញលើកទឹកចិត្ដ ដល់បងប្អូនប្រជាពលរដ្ឋ​ ត្រូវខិតខំបង្កបង្កើនផល​ ដាំដំណាំផ្សេងៗទៀត ដើម្បីជួយលើកស្ទួយជីវភាពគ្រួសារ

*លើសពីនោះ អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាអគ្គិភ័យ ក្នុងរដូវក្ដៅនេះ។

ព្រមជាមួយគ្នានោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរគុណបងប្អូនជនរួមជាតិទាំងអស់ ដែលចេះស្រលាញ់ជួយយកអាសារគ្នាទៅវិញទៅមក ដោយមិនប្រកាន់ និងរើសអើងជាតិសាសន៍ ពណ៌សម្បុរ វណ្ណៈទាបខ្ពស់ឡើយ គឺបានរួមរស់សាមគ្គីគ្នា ក្រោមដំបូលសន្តិភាពរបស់កម្ពុជាយើង។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដែលបានឧបត្ថម្ភគាំទ្រជាស្បៀង សម្ភារ និងថវិកាដល់កាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវា ៨ ឧសភា និងឱកាសផ្សេងៗ ដើម្បីចូលរួមចំណែកជួយសម្រាលទុក្ខលំបាកដល់ប្រជាជនកម្ពុជាងាយរងគ្រោះ និងរងគ្រោះបំផុតផងដែរ។

សូមជម្រាបថា ការចុះសំណេះសំណាលសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជាក្នុងរយៈពេល២ថ្ងៃ ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ជាមួយគ្នានេះ គ្រួសារនីមួយៗ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១ម៉ឺនរៀលទៀត ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ សម្រាប់បងប្អូនជនពិការ ទទួលបានរទេះជនពិការបន្ថែមចំនួន ១គ្រឿង​ និងថវិកា​ ១០០,០០០រៀល។

ជាមួយគ្នានោះ ប្រជាពលរដ្ឋ ងាយរងគ្រោះ ជាង៥ពាន់គ្រួសារ ដែលរស់នៅតាមភូមិឃុំផ្សេងៗគ្នា នៅស្រុកសាលាក្រៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់មាតាមនុស្សធម៌ ដែលបានចុះមកសួរសុខទុក្ខ និងចែកជូននូវអំណោយដ៏ច្រើននេះ ជូនពួកគាត់ ដែលបានជួយសម្រាលការលំបាក មួយចំណែកធំ ដល់គ្រួសាររបស់គាត់។ ជាងនោះទៅទៀត ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អញ្ជើញមកឲ្យញឹកញាប់ ព្រោះកូនចៅនៅទីនេះ នឹករលឹកយ៉ាងខ្លាំង និងរំភើបសប្បាយរីករាយ ពេលបានឃើញមាតាមនុស្សធម៌។

លោកពូ ជា កុសល ពិការជើងទាំសងខាង ដែលជាពលរដ្ឋម្នាក់ ក្នុងចំណោមប្រជាពលរដ្ឋងាយរងគ្រោះខាងលើ បានបង្ហាញនូវនូវទឹកចិត្ដសប្បាយរីករាយយ៉ាងខ្លាំង ពិសេសក្ដីនឹករលឹក ដែលខានឃើញ និងជួបមុខមាតាមនុស្សធម៌ដោយផ្ទាល់ជាច្រើនឆ្នាំមកនេះ ប្រជាពលរដ្ឋយើងនៅទីនេះ ពិតជារំភើបគ្មានអ្វីផ្ទឹមបានឡើយ។

លោកបានបន្ដថា «កូនចៅសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត និងសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលលោកជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃ ដោយឲ្យកូនចៅរស់នៅជ្រកក្រោម ម្លប់ដ៏ត្រជាក់ ទោះខ្ញុំពិការក៏ដោយ ក៏គាត់មិនរើសអើង និងមិនទុកពួកខ្ញុំចោលដែរ»

សូមជម្រាបថា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុត ជាលើកទី៤ហើយ នៅខេត្តប៉ៃលិន ដែលលើកទី១នៅឆ្នាំ១៩៩៩, លើកទី២ ឆ្នាំ២០១០, លើកទី៣ ឆ្នាំ២០១៣ និងលើកទី៤ នៅឆ្នាំ២០១៩នេះ៕