(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ស្រុកតាលោសែនជ័យ ដែលនឹងបង្កើតថ្មី កាត់ចេញមួយផ្នែកពីឃុំតាលោ ស្រុកបាកាន និងមួយផ្នែកទៀតពីឃុំផ្ទះរុង ស្រុកភ្នំក្រវាញ មាន៥ឃុំ និង៣៣ភូមិ ត្រូវការពិនិត្យជាក់ស្តែង ជុំវិញការជ្រើសរើសធនធានមនុស្ស ដែលមានបទពិសោធន៌ពិតប្រាកដ។
ស្រុកថ្មីនេះ គឺជាស្រុកគំរូដែលលេចធ្លោទូទាំងខេត្ត មានរចនាសម្ព័ន្ធរូបវ័ន្ត ដែលសាងសង់ឡើងឲ្យមើលពីលើឃើញថា ក្នុងសម័យតេជោសែន ដោយមានអគាររដ្ឋបាល មានការិយាល័យនានាជុំវិញស្រុក មានពហុកីឡាដ្ឋាន សម្រាប់ច្រតព្រះនង្គ័ល មានកន្លែងប្រណាំងគោក្របី មានប្រព័ន្ធធារាស្ត្រ សម្រាប់កម្រិតនៃការអុំទូកថ្នាក់ខេត្ត ហើយអ្វីៗគ្រប់យ៉ាងទាំងអស់នេះ គឺយើងធ្វើឡើងដើម្បីជាសុខទុក្ខពុកម៉ែប្រជាពលរដ្ឋរបស់យើង ត្រូវដឹងថាអំណាចរដ្ឋ គឺបានមកពីរាស្ត្រ ដូច្នេះគឺត្រូវបម្រើរាស្ត្រ និងបម្រើរដ្ឋ។
លោកបានថ្លែងបែបនេះ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសឲ្យចូលកាន់មុខតំណែង មន្ត្រីរាជការរដ្ឋបាលស្រុក និងប្រធានអនុប្រធានការិយាល័យជំនាញ ចំណុះរដ្ឋបាលស្រុកបាកាន ដោយបានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាស្រុក ឃុំ មេប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ មន្ត្រីរាជការជុំវិញស្រុក លោកគ្រូអ្នកគ្រូ សរុបជាង៥០០នាក់។
មន្ត្រីរាជការទាំង៣៤រូប ដែលត្រូវតែងតាំង និងប្រគល់ភារកិច្ចថ្មីនាពេលនោះរួមមាន៖ លោក ស៊ឹម សុខា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ឲ្យកាន់មុខតំណែងជាអភិបាលរងស្រុកបាកាន តាមប្រកាសលេខ៨០០៦ ប្រក ក្នុងនោះក៏មានប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក នាយក នាយករង សាលាបឋម អនុ និងវិទ្យាល័យផងដែរ។
បន្ទាប់ពីលោក ពេជ្រ សុវណ្ណ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តពោធិ៍សាត់ បានអានប្រកាសតែងតាំងមន្ត្រីរាជការ និងប្រគល់ភារកិច្ចរួចមក លោក ស៊ឹម សុខា ដែលទើបទទួលតំណែងជាអភិបាលរងថ្មីស្រុកបាកាន បានប្តេជ្ញាចិត្តខិតខំអនុវត្ត និងបំពេញការងារឲ្យអស់ពីសមត្ថភាព តាមបទបញ្ជារបស់ថ្នាក់លើប្រគល់ឲ្យ ទាំងការគោរពច្បាប់ លិខិតបទដ្ឋាននានា ការងារគ្រប់គ្រងរដ្ឋបាលស្រុក ការងារអភិវឌ្ឍន៍ ជំរុញកាងារអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព បង្កាបង្រ្កាបបទល្មើសផ្សេងៗ ឲ្យមានប្រសិទ្ធិភាព ដើម្បីជាសេនាធិការដ៏រឹងមាំឲ្យគណៈបញ្ជាការឯកភាពខេត្ត និងផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ។
លោក ម៉ៅ ធនិន បានថ្លែងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ច របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកបាកាន ដែលទទួលបានជោគជ័យគួរជាទីកត់សម្គាល់។ លោកសូមឲ្យបន្តវីរភាពដ៏ថ្លៃថ្លានេះ បន្តទៅទៀត ហើយធ្វើយ៉ាងម៉េចឲ្យល្អប្រសើរជាងនេះទៅទៀត។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់មន្ត្រីមូលដ្ឋានទាំងអស់ ដែលមានតួនាទីរដ្ឋ ត្រូវយកទៅប្រើប្រាស់ឲ្យចំគោលដៅ ដើម្បីជាប្រយោជន៍ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ គប្បីបន្តការយកចិត្តទុកដាក់ក្នុងការបំពេញការងារ ទាំងផ្លូវរដ្ឋ និងទាំងផ្លូវគ្រួសារ ដោយប្រកាន់ភ្ជាប់ព្រហ្មវិហារធម៌ទាំង៤ មានវប្បធម៌សាមគ្គី ចែករំលែកដល់ថ្នាក់ក្រោម កុំយកទួនាទីទៅធ្វើអាជីវកម្ម បក្ខពួក គ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍មន្ត្រីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋ។
ថ្នាក់ដឹកនាំខេត្តរូបនេះ បានថ្លែងបន្ថែមថា លោកចង់ឃើញលោកគ្រូអ្នកគ្រូ ដែលជាថ្នាលបណ្តុះមនុស្សថ្មី ជាពុម្ពផលិតមនុស្សថ្មី ជាអ្នកសាបព្រោះព្រលឹងរបស់ជាតិ និងជាជាងចម្លាក់ដ៏ចំណាន ត្រូវបណ្តុះខាកខ្ជាក់មនុស្សចេញមក ប្រកបទៅដោយធនធាន សមត្ថភាព និងទេពកោសល្យ ជាពិសេសបណ្តុះបន្ថែមនូវវប្បធម៌កតញ្ញូ និងចរិកជាតិនិយម។
ក្នុងឱកាសនោះ ក៏មានរៀបចំកម្មវិធីពិសាអាហារសាមគ្គីជួបជុំគ្នា ដើម្បីអបអរសាទរឆ្នាំថ្មី នៅស្នាក់ការគណបក្សស្រុកផងដែរ៕