(ភ្នំពេញ)៖ ដោយភាពជឿជាក់ ទៅលើសន្តិភាព ស្ថិរភាពនយោបាយ ដែលកំពុងតែកើតមាន នៅក្នុងប្រទេសកម្ពុជា ក្រុមអ្នកវិនិយោគគិនបរទេស ជាពិសេសវិនិយោគិនមកពីប្រទេសជប៉ុន បានមកបោះទុនជាច្រើនរយលានដុល្លារអាមេរិក ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ ប្រភេទជាលំនៅឋានគុណភាពជប៉ុន ជូនប្រជាជនកម្ពុជា នៅក្នុងរាជធានីភ្នំពេញ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយពិធីប្រគល់លំនៅឋាន ជូនអតិថិជនរបស់ បុរីអារ៉ាតា ហ្គាដិន រ៉េស៊ីដិនស៍ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ លោក អ៊ីហ្គឹសឈី តាកាឈី (EguchiTakachi ) អគ្គនាយកក្រុមហ៊ុនគ្រីដ ខេមបូឌៀរ បានឱ្យដឹងថា ជប៉ុនបានជំរុញឱ្យមានការវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីមកដល់ប្រទេសកម្ពុជា ជាលើកដំបូង លោកមានអារម្មណ៍ និងមើលឃើញថា កម្ពុជានៅមានសក្កដានុពលសេដ្ឋកិច្ចរីកចម្រើនយ៉ាងខ្លាំង រួមជាមួយនឹងតម្រូវការផ្នែកអចលនទ្រព្យក្នុងស្រុក ទើបក្រុមហ៊ុនរបស់យើង សម្រេចវិនិយោគលើវិស័យអចលនៈទ្រព្យ នៅក្នុងប្រទេសនេះ។
លោកអគ្គនាយកបានបញ្ជាក់ថា ថ្ងៃនេះ បុរីអារ៉ាតា ហ្គាដិន រ៉េស៊ីដិនស៍ បានធ្វើការប្រគល់គេហដ្ឋានជូនអតិថិជន ដែលមានផ្ទះសរុប ២៣៣ផ្ទះ ដោយមានទាំង ផ្ទះហាង វីឡាកូនកាត់ និងវីឡាភ្លោះ។ អារ៉ាតា ហ្គាដិន រ៉េស៊ីដិនស៍ បានបញ្ចប់គម្រោងប្រមាណ១០០គម្រោង នៅក្នុងតំបន់អាស៊ី ដែលរួមមានប្រទេស ជប៉ុន កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី ឡាវ បង់ក្លាដេស មីយ៉ាន់ម៉ា និងម៉ាឡេស៊ី ដែលគម្រោងទាំងនោះមានតម្លៃសរុប ១,៦ ប៊ីលានដុល្លារ។
រីឯនៅក្នុងប្រទេសកម្ពុជាវិញ ក្រុមហ៊ុន គ្រីដ គ្រុប បានអភិវឌ្ឍគម្រោងចំនួន ៣ធំៗ គឺ គម្រោងខុនដូ បូដាយជូ គម្រោង និង គម្រោង បុរី អារ៉ាតាហ្គាដិន រ៉េស៊ីដិនស៍ ជាគម្រោងបុរីលំនៅឋានជប៉ុន ដែលបានវិនិយោគ គម្រោងសាងសង់របស់ខ្លួន ក្នុងភូមិបន្លាស្អិត សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញដោយបានបោះទុនវិនិយោគប្រមាណជាង៦០លានដុល្លារអាមេរិក។
លោកបានបន្តថា បុរីអារ៉ាតា បានបោះទុនវិនិយោគ នៅលើផ្ទៃដីទំហំ៧ហិចតា ដែលមានផ្ទះសរុបចំនួន៧៣៧ផ្ទះ ដោយផ្នែកទី១ មានផ្ទះសរុបចំនួន២៣៣ផ្ទះ ផ្នែកទី២ មានផ្ទះសរុបចំនួន២៦៩ផ្ទះ និងផ្នែកទី៣ មានផ្ទះសរុបចំនួន២៣៥ផ្ទះ។ គម្រោងបុរីជប៉ុន អារ៉ាតា គឺជាប្រភេទផ្ទះលំនៅដ្ឋាន វីឡាទោល វីឡាកូនភ្លោះ វីឡាកូនកាត់ និងផ្ទះហាងដែលមានរចនាបថ បែបសម័យទំនើប អមជាមួយធម្មជាតិបៃតង។
លោកអះអាងថា បន្ទាប់ពីគម្រោងទី៣នេះ ត្រូវបានបញ្ចប់ ប្រកបដោយជោជជ័យ ក្រុមហ៊ុនមានគម្រោងនឹងអភិវឌ្ឍនៅកន្លែងផ្សេងៗទៀត ដោយផ្តោតទៅខាងក្រៅក្រុង ហើយតម្រូវនឹងអតិថិជន ដែលមានជីវភាពមធ្យម ពោលគឺអាចនឹងមានតម្លៃត្រឹមតែប្រមាណជាង៣ម៉ឺនដុល្លារតែប៉ុណ្ណោះ គម្រោងនេះអាចនឹងនៅឆ្ងាយពីទីក្រុងបន្តិច បើធៀបនឹងគម្រោងមុនៗ ដែលក្រុមហ៊ុនបានធ្វើ៕