(ក្រចេះ)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអគ្គលេខាធិការ បានអញ្ជើញជាអធីបតី ក្នុងពិធីសំណេះសំណាល ជាមួយអតីតយុទ្ឋជន និងផ្តល់ឲ្យសមាជិកអតីតយុទ្ឋជនចំនួន៣២រូបនៅខេត្តក្រចេះចាប់ឆ្នោត ដើម្បីទទួលយកផ្ទះគោលរបបចំនួន១ខ្នងផ្ទះក្នុង១គ្រួសារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងត្រូវបានសាងសង់ទុកសម្រាប់ផ្តល់ជូនពួកគាត់។
អនុប្រធានសមាគមអតីយុទ្ឋជនកម្ពុជាខេត្តក្រចេះ ឧត្តមសេនីយ៍ទោ លន់ សុ ផាត បានថ្លែងឲ្យដឹងថា ពិធីចាប់ឆ្នោតបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ មករា នៅក្នុងបរិវេណ ភូមិដ្ឋានអតីតយុទ្ឋជនកម្ពុជាក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។
បើតាមលោកឧត្តមសេនីយ៍ទោ លន់ សុផាត បានថ្លែងឲ្យដឹងថា ក្រោមការជំរុញដឹកនាំ ណែនាំរបស់លោកនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី បានធ្វើឲ្យសកម្មភាពការងារសមាគម អតីតយុទ្ឋជនកម្ពុជា មានការប្រែប្រួសរីកចម្រើនជាលំដាប់ បានជាទីកក់ក្តៅដល់សាមជិក សមាជិការអតីតយុទ្ឋជន។ លោកបន្តថា លោក វ៉ា ថន អភិបាលខេត្តនិងប្រធានកិត្តិយសតែងតែយកចិត្តទុកដាក់និងជំរុញដល់គណៈកម្មធិការស្រុក- ក្រុង សាខាឃុំ-សង្កាត់ ចុះស្វែងយល់ពីសុខទុក្ខជីវភាពរស់នៅរបស់បងប្អូន និងបានជួយការលំបាករបស់ពួកគាត់ បានមួយកម្រិតថែមទៀត ដូចជាការសាងសង់លំនៅឋាន ជូនក្រុមគ្រួសារ អទីតយុទ្ឋជន ការសួរសុខសទុក្ខ និងការនាំអំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនទៅចែកជូន ដល់ពួកគាត់។
លោកឧត្តមសេនីយ៍ទោ លន់ សុផាត បញ្ជាក់ពីស្ថានភាពអតីតយុទ្ឋជន កម្ពុជាខេត្តក្រចេះដែលសព្វថ្ងៃកំពុងទទួលរបបគឺមានចំនួន១,២៣៣នាក់ សមាជិកសមាគម សរុបចំនួន ១,០១១នាក់ក្នុងនោះ ជនពិការ ១៨០នាក់ គ្រួសារពលី៣២៦នាក់ គ្រួសារមរណៈ ៥២នាក់ និវត្តន៍ជន៣៩២នាក់ បាត់បង់សមត្ថភាព៦២នាក់។
មានប្រសាសន៍សំណេះសំណាលជាមួយអតីតយុទ្ឋជន ទាំងចំនួន១៦០នាក់ ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណដល់អតីតយុទ្ធជន ដែលកន្លងមក បានលះបង់កម្លាំងកាយចិត្តក្នុងភារៈកិច្ចបម្រើរជាតិមាតុភាព រហូតធ្វើឲ្យ កម្ពុជាទទួលបានសន្តិសុខ និងសុខសុវត្ថិភាពរហូតដល់សព្វថ្ងៃនេះ។
លោកទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថា នេះជាគុណបំណាច់យ៉ាងធំធេង និងមិនអាចបំភ្លេចបាន ហើយរាជរដ្ឋាភិ បាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺកំពុងតែយកចិត្តទុកដាក់ ពីសុកទុក្ខរបស់បងប្អូន ដោយមិនទុកឲ្យបងប្អូនអតីតយុទ្ធជនរស់នៅដោយឯកោនោះទេ៕